(វ៉ាស៊ីនតោន)៖ ​CNN ដែលជាបណ្តាញផ្សព្វផ្សាយសារព័ត៌មានដ៏ធំនៅសហរដ្ឋអាមេរិក កំពុងតែរៀបចំដាក់ពាក្យ​បណ្តឹង​​​ប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំង​មន្រ្តីជំនិតៗមួយចំនួន​ទៀត​របស់លោក ដោយ​ស្នើ​ឲ្យ​អ្នកកាសែត CNN លោក Jim Acosta ​អាចចូលយកព័ត៌មាន​នៅសេតវិមានបានដូចមុនវិញភ្លាមៗ។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​​ចេញ​ពី​វែប​សាយ​សារព័ត៌មាន CNN នៅយប់ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការប្តឹងផ្តល់នេះ​គឺជាការឆ្លើយតបរបស់ CNN ចំពោះការសម្រេចចិត្តរបស់សេតវិមាន ក្នុងការដកហូតប័ណ្ណចូលយក​ព័ត៌​មាននៅទីនោះ​របស់លោក Acosta កាលពីសប្តាហ៍មុន។ CNN បានគូសបញ្ជាក់ថា សិទ្ធិសេរីភាពនៃសារព័ត៌មានរបស់ CNN ត្រូវបានរំលោភបំពានដោយសារតែបម្រាមនេះ។ បើតាមអ្នកនាំពាក្យ CNN ពាក្យបណ្តឹង កំពុងត្រូវរៀបចំបញ្ជូន​​ទៅកាន់​តុលាការ​​អាមេរិកក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។

នៅក្នុងពាក្យបណ្តឹងខាងលើ ស្ថានីយទូរទស្សន៍ CNN និង លោក Acosta គឺជាដើមបណ្តឹង ខណៈចុងបណ្តឹងមាន​ចំនួន​០៦នាក់ រួមមាន​លោក ត្រាំ, ប្រធានខុទ្ទកាល័យ​សេត​វិមានលោក John Kelly, អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders, អនុប្រធានខុទ្ទកាល័យ​សេតវិមាន​ទទួលបន្ទុក​​ផ្នែកទំនាក់ទំនង លោក Bill Shine, ប្រធានទីភ្នាក់ងារអង្គរក្ស​​​​​ប្រធានាធិបតីអាមេរិក (Secret Service) លោក Joseph Clancy, និង​​ភ្នាក់ងារ Secret Service ដែលបានដកហូត​ប័ណ្ណ​ចេញ-ចូលសេតវិមានរបស់​​​លោក Acosta កាលពីថ្ងៃពុធសប្តាហ៍មុន។

គួរជម្រាបថា កាលពីសប្តាហ៍មុននាអំឡុងការធ្វើសន្និសីទសារព័ត៌មាន នៅក្រោយការបោះឆ្នោតសភាពាក់កណ្តាល​អាណត្តិរបស់សហរដ្ឋអាមេរិក លោក Acosta ដែល​ជាប្រធានឆ្លើយឆ្លងព័ត៌មាន​ប្រចាំសេតវិមាន​របស់ CNN ត្រូវ​បាន​លោក ដូណាល់ ត្រាំ ហៅថា​ «ជាមនុស្សឈ្លើយនិង​អាក្រក់បំផុត»។ ភាពតានតឹងបានកើតឡើង​ នៅ​ពេល​បុគ្គលិក​សេត​វិមាន​​ម្នាក់​បាន​ព្យាយាមទាញ​ក្បាលមេក្រូពី លោក Acosta នៅអំឡុងពេល​តតាំងមតិជាមួយ​លោក ត្រាំ។ ប៉ុន្តែអ្នកសារ​ព័ត៌​មាន​​រូបនេះ មិនព្រមប្រគល់​ក្បាលមេក្រូ ហើយតែបន្តចោទសួរ​លោក ត្រាំ ដដែល រីឯវីដេអូ​នៃឧប្បដិហេតុត្រូវបាន​គេចែកចាយនៅលើបណ្ដាញ​អ៊ីនធើណែត៕