(សាន់ទីអាហ្គោ)៖ រដ្ឋាភិបាលឈីលី​បានប្រកាសថា ខ្លួននឹងបញ្ជូន​​យន្តហោះយោធា​មួយគ្រឿង​ទៅកាន់​​វេណេស៊ុយអេឡា នាចុង​​ខែ​វិច្ឆិកានេះ ដើម្បីជម្លៀសពលរដ្ឋ​របស់ខ្លួន​ត្រឡប់មកវិញ ដោយសារតែស្ថានភាព​កាន់តែ​ដុន​ដាប​នៃ​វិបត្តិ​មនុស្ស​ធម៌ នៅក្នុង​ប្រទេស​​អាមេរិកឡាទីន​មួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅ​ព្រឹក​ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋមន្រ្តីការបរទេស​ឈីលី លោក រ៉ូប៊ឺតូ អាំភឺរ៉ូ (Roberto Ampuero) បាននិយាយថា វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ​ខ្លាំងនៅ​ក្នុងប្រទេស​​វេណេស៊ុយអេឡា បានបង្ខំឲ្យពលរដ្ឋ​ឈីលីជាច្រើននាក់​ ស្នើសុំវិលត្រឡប់​មកកាន់ប្រទេស​កំណើតវិញ ដោយសារតែ​ពួកគេ​ត្រូវប្រឈមមុខ​ បញ្ហាលំបាកជាច្រើន​ក្នុងការរស់នៅ​ទីនោះ។ លោក Ampuero បានបញ្ជាក់ថា «ដូច្នេះរដ្ឋាភិបាល​ឈីលី​ ​នឹងជួយសម្រេចបំណងពួកគេ»។

​បើតាមប្រមុខ​ការទូតឈីលី កន្លងមកពលរដ្ឋ​ឈីលី​ចំនួន ៧៥នាក់ ត្រូវបាន​ជួយឲ្យត្រឡប់មកកាន់​​ប្រទេសកំណើត​វិញនោះ ​ខណៈនៅសល់សំណើ​ជាង​២០០នាក់ផ្សេងទៀត​ ដែលចង់ចាកចេញពីវេណេស៊ុយអេឡា​មកឈីលីវិញ។ ​លោក Ampuero បាន​និយាយថា ការនាំយកពលរដ្ឋ​ខ្លួនមកវិញ​នឹងប្រព្រឹត្ត​ទៅ នៅចន្លោះសប្តាហ៍ទី ៣ និងទី ៤ នៃខែវិច្ឆិកា​នេះ។

គួរជម្រាបថា វេណេស៊ុយអេឡា​កំពុង​ប្រឈមនឹង​វិបត្តិនយោបាយ​ ក៏ដូចជា​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើង​​ដោយ​ការធ្លាក់ចុះតម្លៃប្រេង​ព្រមទាំងចំណូល​រដ្ឋាភិបាល។ ការហក់ឡើងខ្លាំង​នៃអតិផរណា និងកង្វះខាត​មុខទំនិញ​ផ្គត់ផ្គង់ទីផ្សារបាន​បង្ក​ផ្ទុះ​ការធ្វើបាតុកម្មធំៗ​នៅទូទាំងប្រទេស ខណៈប្រជាជន​វេណេស៊ុយអេឡា​ផ្ទាល់​រាប់សែននាក់ កំពុង​ព្យាយាម​គេ​ចចេញ​ពី​បញ្ហា​ដ៏លំបាកនេះ តាមរយៈការភៀសខ្លួនទៅក្រៅ​ប្រទេស៕