(វ៉ាស៉ីនតោន)៖ កូរ៉េខាងជើងនៅ​តែបន្តការអភិវឌ្ឍ កម្មវិធីមីស៉ីល​បាលីស្ទីគរបស់ខ្លួននៅ​ឡើយ ដោយក្នុង​នោះមាន​ទីតាំងផលិត មីស៊ីល និងអាវុធនុយក្លេអ៊ែរជាច្រើន​នៅទូទាំង​ប្រទេស នៅតែបន្តដំណើរការ​ជាសងាត់។ នេះបើតាមរបាយការណ៍ថ្មីមួយ ដកស្រង់ដោយ​សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

របាយការណ៍​ខាងលើ ត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ​សប្ដាហ៍នេះ ដោយមជ្ឈមណ្ឌ​សម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រ (CSIS) មានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក។ CSIS ផ្អែកលើការវិភាគ​លើរូបភាព​ពីផ្កាយរណប បានបញ្ជាក់ទៀតថា ទីតាំងផលិត​មីស៉ីល និងអាវុធនុយក្លេអ៊ែរ​ចំនួន ១៣ទីតាំង ក្នុងចំណោម ២០ទីតាំង នៅទូទាំង​ប្រទេស នៅតែបន្តធ្វើ​សកម្មភាពជាសំងាត់ និងត្រូវបាន​កូរ៉េខាងជើង​លាក់បាំងនៅតាម​តំបន់ភ្នំដាច់​ស្រយ៉ាល។

ប៉ុន្តែយ៉ាងណាក៏ដោយ របាយការណ៍ថ្មីនេះ​មិនត្រូវបានអាជ្ញាធរ​អាមេរិក​ទទួលស្គាល់នៅ​ឡើយទេ ខណៈរបាយការណ៍​ដដែលក៏បានបង្ហាញពី​ការសង្ស័យផងដែរ ចំពោះការអះអា​ងរបស់ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដែលថា​កូរ៉េខាងជើងកំពុងរំសោយ​អាវុធនុយក្លេអ៊ែរ​ តាមការសន្យា​ក្រោយជំនួប​កំពូល​ជាមួយ​លោក គីម ជុងអ៊ុន នៅក្នុងប្រទេស​សិង្ហបុរី​កាលពី​ខែមិថុនា កន្លងទៅ។

គួរបញ្ជាក់ថា ការចេញផ្សាយ​របាយការណ៍របស់ CSIS កើតមានឡើង​តែមួយសប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពីទីក្រុង​ព្យុងយ៉ាង​បាន​ព្រមានថា នឹងដំណើរការគោលនយោបាយ​ផលិតអាវុធនុយក្លេអ៊ែរ​ឡើងវិញ បើសិនជា​ទីក្រុងវ៉ាស៉ីនតោន មិនព្រមដក​ទណ្ឌកម្ម​សេដ្ឋកិច្ចទេនោះ៕