(តេហេរ៉ង់)៖ កងកម្លាំង​ប្រដាប់​អាវុធអ៉ីរ៉ង់ នឹងការពារ​កប៉ាល់ដឹកប្រេងអ៉ីរ៉ង់​ ប្រឆាំងនឹងរាល់ការ​គំរាមកំហែង​ទាំងឡាយ បន្ទាប់ពីសហរដ្ឋអាមេរិក​ព្រមានបណ្ដាប្រទេស​ទាំងអស់ កុំឱ្យស្វាគម៍កប៉ាល់ដឹក​ប្រេង​អ៉ីរ៉ង់។ នេះបើតាម​សម្តីមន្ត្រីយោធាជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការព្រមានរបស់​មេបញ្ជាការរង​កងទ័ពអ៉ីរ៉ង់ លោក ម៉ាហ៍មួដ មួសាវី (Mahmoud Mousavi )ធ្វើឡើងនៅក្នុង​បទសម្ភាសន៍មួយ ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មានអ៉ីរ៉ង់ ISNA នៅថ្ងៃចន្ទនេះ។ នាឱកាសនោះ លោក Mousavi បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់​អាវុធអ៉ីរ៉ង់​បានត្រៀមខ្លួនរួច​ជាស្រេច ដូចដែលធ្លាប់បាន​ធ្វើពីអតីតកាល​ ដើម្បីការពារ​កប៉ាល់ដឹកប្រេងរបស់យើង​ ប្រឆាំងនឹង​រាល់ការ​គំរាមកំហែង... ដូច្នេះយើងនឹង​អាចបន្តធ្វើប្រើប្រាស់​ផ្លូវទឹកក្នុងការដឹក​ជញ្ជូន»

គួរជម្រាបថា សហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើអ៉ីរ៉ង់ឡើងវិញ​ហើយ កាលពីថ្ងៃចន្ទ​សប្ដាហ៍មុន​បន្ទាប់ពី​លោក ដូណាល់ ត្រាំ ប្រកាសដក​ទីក្រុងវ៉ាស៉ីនតោន​ ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៉ីរ៉ង់ ដែលអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ជាអ្នកកៀរគរបង្កើត​ឡើងរួមគ្នាកាល​ពីឆ្នាំ២០១៥។ ម្យ៉ាងវិញទៀត​ការដាក់​ទណ្ឌកម្មឡើង​វិញនេះ គឺផ្ដោតសំខាន់​លើវិស័យប្រេង ធនាគារ និងការដឹកជញ្ជូនរបស់អ៉ីរ៉ង់៕