(តូក្យូ)៖ យន្តហោះចម្បាំងមួយគ្រឿងធុន F-18 ​របស់នាវាដឹកយន្តហោះអាមេរិក USS Ronald Reagan ត្រូវសារព័ត៌មាន​ជប៉ុនរាយការណ៍ថា បានធ្លាក់ទៅក្នុងសមុទ្រ​នៅចម្ងាយ​ប្រហែលជា៣០០គីឡូម៉ែត្រ ភាគនិរតីខេត្តអូគីណាវ៉ា​នៃ​ប្រទេស​ជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

យន្តហោះ​ចម្បាំងខាងលើ ដែលមានមូលដ្ឋាននៅបន្ទាយទ័ពអាកាសនៃកងម៉ារីនអាមេរិក Iwakuni ក្នុងខេត្ត Yamaguchi របស់ជប៉ុន បានធ្លាក់ទៅក្នុងសមុទ្រ​ដោយសារតែបញ្ហាគ្រឿងម៉ាស៊ីន នៅអំឡុងពេលធ្វើការហោះហ្វឹកហ្វឺនមួយ នា​ថ្ងៃ​ចន្ទ​នេះ ខណៈអាកាសយានិកទាំង០២នាក់របស់យន្តហោះ​ ត្រូវបានជួយសង្រ្គោះ​និង​ស្ថិតក្នុងស្ថានភាព​ល្អ​ធម្មតា។

គួរជម្រាបថា នេះពុំមែនជាហេតុការណ៍គ្រោះថ្នាក់ទីមួយឡើយ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​យន្ត​ហោះ​នៃ​នាវា​ដឹក​យន្ត​ហោះ​ USS Ronald Reagan របស់សហរដ្ឋអាមេរិកនាពេលថ្មីៗកន្លងទៅនេះ ដោយកាលពីតុលា ឧទ្ធម្ភាគចក្រមួយ​គ្រឿង​​ធុន MH-60 បាន​ធ្លាក់នៅលើ​នាវានោះតែម្តង ក្រោយពីបានហោះឡើងតែបន្តិចប៉ុណ្ណោះ ដែលហេតុការណ៍​នោះ​ បាន​បង្កឲ្យមនុស្ស​មួយ​ចំនួនស្លាប់ថែមទៀតផង៕