​(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មានជីវិតឯកជនមួយដែលគេគ្រប់គ្នាដឹងតិចតួចបំផុត ហើយក្នុងនាមជាអតីត ទីភ្នាក់ងារស៉ើបការសំងាត់ KGB លោកផ្ទាល់ក៏ធ្លាប់បានអះអាងដែរថា លោកមិនចូលចិត្តបើកកកាយរឿងផ្ទាល់ខ្លួនរបស់លោក នោះទេ។ «ខ្ញុំមានជីវិតឯកជនរបស់ខ្ញុំ ហើយខ្ញុំមិនចង់ឱ្យនរណាម្នាក់លូកដៃចូលឡើយ...ដូច្នេះវាគួរតែមានការគោរព»។ នេះគឺ ជាសម្ដីរបស់លោក ពូទីន។

ប៉ុន្តែ ភាពអាថ៌កំបាំងនៃជីវិតឯកជននេះបានបង្កើតជាសំណួជាច្រើនថាតើលោក ពូទីន រៀបការរួចហើយឬនៅ? ជាក់ស្ដែង នាឱកាសចូលរួមក្នុងពិធីរំលឹកខួបលើកទី១០០ នៃការបញ្ចប់សង្រ្គាមលោកលើកទី០១ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ គេមិនឃើញជំទាវទីមួយរបស់លោក ពូទីន ដូចបណ្ដាមេដឹកនាំដទៃឡើយ ដែលតែងតែនាំ ភរិយាទៅជាមួយ។

* លោក ពូទីន រៀបការហើយឬនៅ?

បច្ចុប្បន្នអ្វីដែលគេដឹងគឺថាលោក ពូទីន មិនទាន់រៀបការនៅឡើយទេ ហើយក៏មិនមានការប្រកាសជាផ្លូវការណាមួយដែរ។ ប៉ុន្តែ ជាការពិតលោក ពូទីន ធ្លាប់មានភរិយាម្នាក់។ លោក ពូទីន ធ្លាប់មានភរិយាម្នាក់ឈ្មោះ Lyudmila Shkrebneva​ ដែលជាអតីត បុគ្គលិកអាកាសចរណ៍ក្រុមហ៊ុន Aeroflot និងបានរស់នៅជាមួយគ្នាជាង៣០ឆ្នាំ។ អ្នកទាំងពីរបានជួបគ្នាក្នុងពេលលោក ពូទីន នៅជាទីភ្នាក់ងារស៉ើបការណ៍សំងាត់ KGB និងបានរៀបការជាមួយគ្នាក្នុងទីក្រុង St. Petersburg កាលពីឆ្នាំ១៩៨៣។ ​

ក្រោយមកទៀត នៅចុងទសវត្សរ៍ឆ្នាំ៨០ លោក ពូទីន បានឈប់ធ្វើជា KGB រីឯលោកស្រី Lyudmila បានក្លាយជាគ្រូបង្រៀន
អក្សរសាស្ត្រម្នាក់នៅឯសាកលវិទ្យាល័យ Leningrad State University ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៤។ រហូតដល់ ឆ្នាំ២០០០ ឆ្នាំដែលលោកពូទីន ឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី លោកស្រី Lyudmila បានក្លាយជាជំទាវទី១របស់លោក។ ប៉ុន្តែ នៅខែមិថុនា ឆ្នាំ២០១៣ ជីវិតអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរត្រូវបានបញ្ចប់ ហើយការលែងលះគ្នាត្រូវបានប្រកាសជាផ្លូវការ នៅខែមេសា ឆ្នាំ២០១៤។

* ពូទីនមានកូនដែរឬទេ?

លោក វ៉ា្លឌីមៀ ពូទីន និងលោកស្រី Lyudmila មានកូនស្រីពីរនាក់ ឈ្មោះ Mariya និង Yekaterina។ កូនស្រីឈ្មោះ Yekaterina កើតនៅឆ្នាំ១៩៨៥ ក្នុងទីក្រុង Dresden អតីតប្រទេសអាល្លឺម៉ង់ខាងកើត ពោលឺនៅពេលលោកពូទីន បាន ឈរជើងនៅទីនោះ ក្នុងនាមជា KGB។ ចំណែកឯ អ្នកនាង Mariya កើតនៅឆ្នាំ១៩៨៦ ក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៉ី៕

ប្រភព៖ M​etro