(ម៉ូស្គូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង​ ដែលមានគោលដៅធ្វើដំណើរ​ពីទីក្រុងម៉ូស្គូ​ទៅកាន់ទីក្រុង Norilsk បានធ្វើ​ការចុះចតជាបន្ទាន់នៅ Norilsk ប៉ុន្តែពុំបានបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

យន្តហោះខាងលើគឺជាប្រភេទ Boeing 737-800 និងស្ថិតក្រោមការធ្វើប្រតិបត្តិការ​របស់ក្រុមហ៊ុនអាកាសចរណ៍​រុស្ស៉ី NordStar។ នៅពេលកើតហេតុយន្តហោះនេះ មានផ្ទុកអ្នកដំណើរ​ជាមនុស្សពេញវ័យ​ចំនួន១៦៦នាក់ ព្រមទាំងកុមារ​២០នាក់ រួមជាមួយ​ក្រុមអាកាសយានិកនិងបុគ្គលិកបម្រើការលើយន្តហោះសរុប​០៦នាក់។

គួរជម្រាបថា កាលពីម្សិលមិញនេះ យន្តហោះដឹកអ្នកដំណើរ Boeing 777 ​របស់ក្រុមហ៊ុនអាកាសចរណ៍ Air France ដែលមានដឹកអ្នកដំណើរ​២៨២នាក់​ពីទីក្រុងប៉ារីសទៅកាន់ទីក្រុងសៀងហៃ ក៏បានធ្វើការ​ចុះ​ចត​បន្ទាន់​នៅ​ឯ​អាកាស​យានដ្ឋាន Irkutsk ក្នុងភាគខាងកើត​​​តំបន់ស៊ីបេរីនៃប្រទេសរុស្ស៉ីផងដែរ៕