(វ៉ាស៉ីនតោន)៖ ទីភ្នាក់ស៉ើបការណ៍សំងាត់កំពូលអារ៉ាប៊ីសាអូឌីតជាច្រើននាក់ស្និទនឹងព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន សាល់ម៉ាន ធ្លាប់បានស្នើ​កាលពីឆ្នាំ២០១៧ ឱ្យពាណិជ្ជករមួយក្រុមតូចអនុញាតឱ្យអាជ្ញាធរអារ៉ាប៊ីសាអូឌីត ប្រើប្រាស់ក្រុមហ៊ុនឯកជនរបស់ ពួកគេដើម្បីសម្លាប់មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Qassim Suleimani។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

កាសែតអាមេរិក New York Times ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមនុស្ស០៣នាក់ បានឱ្យដឹងទៀតថាសំណើខាង រួមទាំងសំណើជាច្រើនទៀតពាក់ព័ន្ធនឹងការតាមកម្ចាត់សត្រូវរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាមួយ កាលពីខែមីនា ឆ្នាំ២០១៧ ពោលគឺមួយឆ្នាំមុននឹងអ្នកកាសែត Washington Post លោក Jamal Khashoggi ត្រូវគេសម្លាប់ នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា កន្លងទៅ។

បន្ថែមពីលើនេះ នៅក្នុងកិច្ចពិភាក្សានោះ ទីភ្នាក់ស៉ើបការណ៍សំងាត់កំពូលអារ៉ាប៊ីសាអូឌីត ក៏បានស្នើផងដែរឱ្យពាណិជ្ជករមួយ ក្រុមតូចផ្ដល់ប្រាក់ជាង ២ពាន់លានដុល្លារ សម្រាប់ផែនការបំផ្លាញសេដ្ឋកិច្ចអ៉ីរ៉ង់។

គួរបញ្ជាក់ថា បើតាមប្រភពខាងលើដដែល ការពិភាក្សាពីគំរោងសម្លាប់ លោក Qassim Suleimani គឺមានចេតនារំខានដល់ ប្រតិបត្តិការយោធារបស់អ៉ីរ៉ង់នៅក្នុងប្រទេសយ៉េមែន និងសំដៅបញ្ជៀសការបង្កអស្ថេរភាពនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក៏ដូចជាដើម្បីធានាឱ្យបានថាអារ៉ាប៊ីសាអូឌីតនៅតែជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេនៅលើពិភពលោក។ តែទោះជាយ៉ាងណា ខាង មន្ត្រីអារ៉ាប៊ីសាអូឌីត មិនទាន់ធ្វើការអត្ថធិប្បាយ ឬប្រតិកម្មនឹងសេចក្ដីរាយការណ៍របស់ New York Times នៅឡើយទេ៕