(អង់ការ៉ា)៖ ប្រធានស៉ើបអង្កេត​នៃសារព័ត៌មាន​តួកគី Daily Sabah លោក ណាហ្ស៊ីហ្វ ការ៉ាម៉ាន់ (Nazif Karaman) បានឱ្យដឹងថា លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) បាននិយាយពាក្យចុងក្រោយមុននឹងស្លាប់ដូច្នេះថា «ខ្ញុំថប់ដង្ហើមខ្លាំងណាស់ ... យកថង់ប្លាស្ទិក​ចេញពីក្បាលរបស់​ខ្ញុំ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Karaman ធ្វើការកត់សម្គាល់​បែបនេះ​ប្រាប់ Al Jazeera កាលពី​ថ្ងៃអាទិត្យ ដោយផ្អែកលើខ្សែអាត់សំឡេង​មួយ មាន​ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើ​លោក Khashoggi នៅក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត និងបន្ទាប់ពីប៉ូលិស​តួកគីប្រកាស
បិទបញ្ចប់ការស្វែងរក​សាកសពអ្នកសារព័ត៌មាន​អាមេរិក Washington Post រូបនេះ។
លោក Karaman បានបញ្ជាក់​ទៀតថា លោក Khashoggi ស្លាប់ដោយសារ​ថប់ដង្ហើម ខណៈគេយកថង់បា្លស្ទិក​គ្របក្បាលរបស់​លោក ហើយអំពើឃាតកម្ម​នេះមាន រយៈពេលជាង ០៧នាទី។ លើសពីនេះ​ទៅទៀត លោកក៏បានអះអាង​ដែរថា ទីភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត បានក្រាលថង់​បាស្ទិក ជាច្រើននៅលើឥដ្ឋក្នុងស្ថាន​កុងស៊ុល មុននឹងកាត់​សាកសពលោក Khashoggi ជាកង់ៗ និងរំលាយសាកសព​ក្រោមការដឹកនាំ អស់រយៈពេលជាង ១៥នាទី របស់ប្រធានក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​កោសវិច័យ​អារ៉ាប៊ីសាអូឌីត (Saudi Scientific Council of Forensics) លោក សាឡាហ៍ អាល់ ទូបៃជី (Salah al-Tubaigy)។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន ប្រធានាធិបតី​តួកគី​លោក អឺដូហ្កាន់ បាននិយាយថា លោកបានប្រគល់​ខ្សែអាត់​សំឡេង អំពីការស្លាប់របស់​លោក Khashoggi ឱ្យទៅសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ បារាំង និងអង់គ្លេស រួចរាល់​អស់ហើយ។ លោក អឺដូហ្កាន់ បានបន្ថែមថា អារ៉ាប៊ីសាអូឌីត​បានដឹងយ៉ាងច្បាស់​ពីឃាតកសម្លាប់​លោក Khashoggi នៅក្នុង​ចំណោមទីភ្នាក់ងារ​អារ៉ាប៊ីសាអីឌីត ១៥នាក់ ដែលធ្វើដំណើរ​មកកាន់ទីក្រុង​អ៉ីស្ដង់ប៊ូល មុនថ្ងៃទី០២ ខែតុលា។

លោក Khashoggi ដែលជាអ្នករិះគន់​ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីនសាល់ម៉ាន់ ដ៏ខ្លាំងក្លាម្នាក់​ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់​នៅក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​អ៉ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី ០២ ខែតុលា កន្លងទៅ។ ប៉ុន្តែ​ពីដំបូងៗទីក្រុងរីយ៉ាដ បានទាត់ចោល​រាល់ការចោទ​ប្រកាន់ ដែលថាគ្រួសាររាជវង្ស​អារ៉ាប៊ីសាអូឌីត​មានជាប់ ពាក់ព័ន្ធនឹង​អំពើឃាតកម្មនេះ ហើយសន្យាថា​នឹងនាំខ្លួនអ្នកពាក់ព័ន្ធទាំងអស់ ​មកកាត់ទោស​តាមច្បាប់៕