(សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចាប់ផ្ដើមរំលាយប៉ុស្តិ៍យាមល្បាតចំនួន២០ នៅតាមបណ្ដោយព្រំដែន​របស់ខ្លួន​ហើយ ក្រោមផែនការកាត់​បន្ថយភាពតានតឹង​ផ្នែកយោធា រវាងបងប្អូន​កូរ៉េទាំងពីរ បើទោះជាទំនាក់ទំនង​រវាងទីក្រុង​ព្យុងយ៉ាង និងទីក្រុង​វ៉ាស៉ីនតោន ហាក់ដូចជាមានភាពល្អក់កករ​ឡើងវិញក៏​ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រោមកិច្ចព្រមព្រៀង​ធ្វើឡើងរវាងយោធាកូរ៉េទាំងពីរ​ កាលពីចុង​ខែតុលា​កន្លងទៅ កូរ៉េខាងជើង និងកូរ៉េខាងត្បូង​បានឯកភាព​គ្នាថា នឹងរំលាយប៉ុស្តន៍យាមល្បាតចំនួន១០រៀងៗខ្លួន។ ការបំផ្លាញ​ប៉ុស្តន៍យាមល្បាតនេះទៀតសោត ត្រូវបានធ្វើ​ឡើងកាលពី ថ្ងៃអាទិត្យ​នៅឯតំបន់ព្រំដែនគ្មាន​យោធា ដែលពុះចែកប្រទេស​កូរ៉េជាពីរ។

ក៏ប៉ុន្តែ​ទន្ទឹមគ្នាដែលទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងមាន​ទំនាក់ទំនងកាន់តែប្រសើរ​ឡើង កូរ៉េខាងជើង និងសហរដ្ឋអាមេរិកវិញ បែរជាត្រូវបានគេមើលឃើញថា មានភាពល្អក់​កករនឹងគ្នាបន្តិចទៅវិញ ក្រោយជំនួប​រវាងរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និងដៃស្ដាំរបស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម យ៉ុង ចុល (Kim Yong Chol) ត្រូវបានលើក​ពេល ដោយគ្មានការបញ្ជាក់មូលហេតុច្បាស់​លាស់។

គួរបញ្ជាក់ថា បើតាមក្រសួង​ការពារជាតិកូរ៉េខាងត្បូង ទីក្រុងសេអ៊ូលមាន​ប៉ុស្ដិ៍​យាមកាមនៅតំបន់ព្រំដែន​ចំនួន ៦០ ខណៈ​កូរ៉េខាងជើងមាន​ប៉ុស្ដិ៍យាម ១៦០៕