(អាហ្រ្វិក)៖ ចំនួនករណីអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ បានកើនដល់ចំនួន២៩១ ដោយ​ក្នុង​នោះមនុស្ស២០១នាក់បានស្លាប់ដោយសារតែជំងឺកាចសាហាវនេះ។ នេះបើតាមការឲ្យដឹងពីក្រសួងសុខាភិបាល​កុង​ហ្គោ ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃសៅរ៍សប្តាហ៍នេះរបស់ក្រសួងខាងលើ ករណីអេបូឡាចំនួន​៣២៦ករណី​ ត្រូវគេ​រាយការណ៍នៅខេត្ត North Kivu និង Ituri ដោយក្នុងនោះ២៩១ករណី ត្រូវបានទទួលស្គាល់ថា ជាករណីជំងឺអេបូឡា​ប្រាកដមែន។ អាជ្ញាធរសុខាភិបាលកុងហ្គោ បានបញ្ជាក់ថា ចំណាត់ការឆ្លើយតបចំពោះការរីករាតត្បាតនៃជំងឺនេះ​នាពេលបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហាលំបាកខ្លាំង ដោយសារអស្ថិរភាព​សន្តិសុខ ក្នុងតំបន់ដែលរងការវាយប្រហារ​ពីជំងឺនេះ។

គួរជម្រាបថា អេបូឡា ជាជំងឺឆ្លងពីសត្វទៅមនុស្ស​ និងត្រូវអង្គការសុខាភិបាលពិភពលោក WHO ប៉ាន់ប្រមាណថា​មាន​​អត្រារស់តែ៥០ភាគរយប៉ុណ្ណោះ។ ឈ្មោះថា Ebola នេះ បានមកពីឈ្មោះទន្លេរបស់កុងហ្គោ ដែលនៅក្បែរទីតាំង​ដែល​វីរុសនេះ ត្រូវបានរកឃើញជាលើកដំបូង ដោយ​​ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយសាស្រ្តាចារ្យជនជាតប៊ែលហ្សិកឈ្មោះ Peter Piot កាល​ពី​ឆ្នាំ១៩៧៦៕