(អាមេរិក)៖ មនុស្សយ៉ាងតិច​កើនដល់២៣នាក់ហើយ ដែលបានបាត់បង់ជិវិត​ដោយសារ ភ្លើងឆេះព្រៃឈ្មោះថា Camp Fire នៅតំបន់ Butte County ភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ខណៈ​សំណង់អគារភាគច្រើនៅឯទីក្រុង Paradise ត្រូវបានបំផ្លិចបំផ្លាញហិនហោច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CBS News នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

រហូតមកទល់ពេលនេះ ភ្លើងឆេះព្រៃ Camp Fire បានដុតបំផ្លាញ​លំនៅឋាននិងហាងលក់ដូរ​​ជាង៦,៧០០កន្លែង ក្នុងទីក្រុង Paradise​ ហើយ​មនុស្សប្រហែល៣៥នាក់ទៀត ត្រូវអាជ្ញាធរអះអាងថានៅបន្តបាត់ខ្លួន។ លើសពីនេះទៀត Camp Fire ពុំមែនជាភ្លើងឆេះព្រៃ​តែមួយដែលកំពុងលុកលុយរដ្ឋកាលីហ្វរញ៉ានោះឡើយ ដោយនាភាគខាងត្បូងវិញ ភ្លើងឆេះព្រៃចំនួន០២ទៀតឈ្មោះថា Woolsey និង Hill Fire កំពុងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរមិនចាញ់ Camp Fire ឡើយ និងបានបង្ខំឲ្យមនុស្សជាង២៥០,០០០នាក់ជម្លៀស​​ខ្លួនទៅរកទីសុវត្ថិភាព។

គួរជម្រាបថា គ្រោះភ្លើងឆេះព្រៃ​ទាំងអស់នេះ បានរីករាលដាលក្នុងកម្រិត​យ៉ាងឆាប់រហ័ស ដោយសារតែការអាកាសធាតុស្ងួត​ និង​ខ្យល់បក់ខ្លាំង។ យ៉ាងណាមិញ​ក្រុមភ្នាក់ងារ​ពន្លត់អគ្គិភ័យ​នៃរដ្ឋកាលីហ្វញ៉ា បាននិងកំពុងបន្តខិតខំ​​ប្រើគ្រប់​មធ្យោបាយ ដើម្បី​បង្រ្កាប​ក៏ដូចជា​ពន្លត់​អគ្គិភ័យ​ទាំងនេះ ទោះមានមួយ​ចំនួនបានរងរបួស​ ក្នុងកិច្ចប្រឹងប្រែងនេះ​ក៏ដោយ៕