(ប៉ារីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់យ៉ាងចាស់ដៃពីមហាជន​នាថ្ងៃសៅរ៍សប្តាហ៍នេះ ​បន្ទាប់​ពីលុប​ចោល​​ទស្សន​កិច្ច​ទៅ​កាន់​ទីលាន​បញ្ចុះ​សព​កង​ទ័ព​អាមេរិក​សម័យ​សង្រ្គាម​លោក​លើក​ទី១​មួយ​កន្លែង​នៅ​ឯ​ប្រទេសបារាំង ដោយសារតែមេឃភ្លៀង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

​បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក លោក ត្រាំ ដែលកំពុងស្ថិតក្នុងប្រទេសបារាំង ក្នុងឱកាសគម្រប់ខួប១០០ឆ្នាំ​នៃ​ការ​បញ្ចប់​សង្រ្គាម​លោក​លើកទី១ រួមទាំង​ភរិយា​លោកស្រី Melania ត្រូវឡើងឧទ្ធម្ភាគចក្រដើម្បី​ទៅ​ទស្សន​កិច្ច​​នៅ​ទីលាន​បញ្ចុះ​សព​និង​គោរព​វិញ្ញាណក្ខន្ធ Ainse-Marne នៅទីនោះ​ ប៉ុន្តែ​គម្រោងនេះត្រូវបានលុបចោលវិញដោយសារមេឃភ្លៀង។

ជាការឆ្លើយតបភ្លាមៗ មហាជនភាគច្រើនបានរិះគន់យ៉ាងចាស់ដៃ លើប្រធានាធិបតីអាមេរិករូបនេះ ដោយថាវាគឺជាសញ្ញា​នៃការ​មិន​គោរព​ចំពោះ​​ពលទាហានអាមេរិក ដែលបានពលីជីវិតនៅក្នុងសង្រ្គាមលោកលើកទីមួយ ពីព្រោះថា​ការធ្លាក់ភ្លៀង​ពុំបានរារាំង​​​​​ប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង់ នាយករដ្ឋមន្រ្តីកាណាដា និងនាយករដ្ឋមន្រ្តីអង់គ្លេសជាដើម មិនឲ្យធ្វើទស្សនកិច្ចទៅកាន់​កន្លែងគោរពវិញ្ញាណក្ខន្ធទាំងនេះ​ឡើយ​៕