(ម៉ូស្គូ)៖ យោធាជើងទឹកភូមិភាគខាងជើង​របស់រុស្ស៉ី បានប្រកាសនាថ្ងៃសៅរ៍សប្តាហ៍នេះថា សមយុទ្ធយោធាជើងទឹក​ប្រឆាំង​សកម្ម​ភាពចោរសមុទ្រជាមួយ​ប្រទេសជប៉ុន បានចាប់ផ្តើមប្រព្រឹត្តទៅលើឈូងសមុទ្រ Aden ដែលស្ថិតនៅចន្លោះ​យេម៉ែននិង​សូម៉ាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមលោក Vadim Serga ដែលជាអ្នកនាំពាក្យយោធារុស្ស៉ី ក្រុមនាវាចម្បាំង​នៃកងទ័ពជើងទឹករុស្ស៉ី និង​មកពី​កងស្វ័យការពារជើង​ទឹក​របស់ជប៉ុន បានចូលរួមក្នុងការធ្វើសមយុទ្ធនេះ ក្នុងនោះក៏មាននាវាចម្បាំងប្រឆាំងនាវាមុជទឹក Severomorsk របស់រុស្ស៉ី ព្រមទាំង​នាវាពិឃាត​ Ikazuchi របស់ជប៉ុនផងដែរ។

គួរជម្រាបថា គោលដៅនៃការធ្វើសមយុទ្ធជើងទឹករួមគ្នាខាងលើ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​​រវាង​នាវាចម្បាំងរុស្ស៉ីនិងជប៉ុន ក្នុង​ការ​​ប្រយុទ្ធប្រឆាំងនឹង​អំពើចោរសមុទ្រក៏ដូចជាភេរវកម្ម៕