(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយនៅថ្ងៃសៅរ៍នេះថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែល សហរដ្ឋអាមេរិកអនុវត្តឡើងវិញ ប្រឆាំងនឹងប្រទេសរបស់លោកកាលពីសប្ដាហ៍មុន នឹងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៉ីរ៉ង់ ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក រ៉ូហានី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។ លោក រ៉ូហានី បានគូសបញ្ជាក់ ដូច្នេះថា៖«ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នឹងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើងឡើយ ពីព្រោះសហរដ្ឋអាមេរិកក៏ធ្លាប់ បានដាក់ទណ្ឌកម្មលើពួកយើងកាលពីពេលមុនដែរ...ដូច្នេះវាមិនមែនជារឿងថ្មីដែលអាមេរិកប្រើទណ្ឌកម្មប្រឆាំងនឹងពួកយើង នោះទេ»។

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងតហេរ៉ង់ ឡើងវិញកាលពីសប្ដាហ៍មុន ស្របទៅតាមការប្រកាសដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ កាលពីខែឧសភា កន្លងទៅ៕