(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរអាមេរិក​បានឱ្យដឹងថា មនុស្សស្លាប់​បានកើនឡើង​ដល់០៩នាក់ និងច្រើនជាង ១៥០,០០០នាក់ត្រូវបានជម្លៀស ទៅកាន់​កន្លែងមានសុវត្ថិភាព​ ខណៈភ្លើងឆេះព្រៃ​កំណាចចំនួន ០៣ កំពុងលុយលុក​រដ្ឋកាលីហ្វ័រញ៉ា​ឈានមកដល់​ចុងសប្តាហ៍នេះ៕`

២៖ ទីភ្នាក់ងារ​សារព័ត៌មានរដ្ឋស៉ីរី SANA បានរាយការណ៍ថា ការវាយប្រហារ​តាមផ្លូវអាកាស​របស់ក្រុមចំរុះ​អន្តរជាតិ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បានផ្ដាច់យក​អាយុជីវិតជនស៉ីវិលស៉ីរី ២៦នាក់ នៅក្នុងខេត្ត​ឌែអាល់ហ្សួរ (Deir al-Zour) ស្ថិតនៅភាគខាងកើតប្រទេសស៉ីរី៕

៣៖ ​អារ៉ាប៊ីសាអូឌីត​នៅថ្ងៃសៅរ៍​សប្ដាហ៍នេះ បានស្នើឱ្យ​សហរដ្ឋអាមេរិក​ បញ្ឈប់ការផ្គត់ផ្គង់​ប្រេងដល់​យន្ដហោះ​ចម្បាំង របស់ខ្លួន​ដែលកំពុងធ្វើប្រតិបត្តិការ​យោធា នៅក្នុងប្រទេស​យ៉ែមែន​ដោយអះអាង​ថា ទីក្រុងរីយ៉ាដ​មានសមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការផ្គត់ផ្គង់ប្រេងដោយ​ខ្លួនឯង៕

៤៖ អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស (George W. Bush) និងភរិយារបស់លោក គឺលោកស្រី ឡូរ៉ា (Laura) នឹងទទួលបានមេដាយខាងសេរីភាព (Liberty Medal) នៅថ្ងៃអាទិត្យស្អែកនេះ (ម៉ោងអាមេរិក) ក្នុង ទីក្រុង Philadelphia៕

៥៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានថ្លែងនៅថ្ងៃសុក្រ​សប្តាហ៍នេះថា ប្រទេសអាមេរិកឡាទីន​មួយនេះ នឹងបន្តការផលិតរ៉ែ និងមាសនៅក្នុងចំនួនកើន​ឡើងជាលំដាប់ បើទោះបីជាខ្លួន​កំពុងទទួលរងទណ្ឌកម្ម​ធ្ងន់ធ្ងរ ពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ៕

៦៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញ​ចិត្តជាខ្លាំង ចំពោះគំនិត​បង្កើត​កងទ័ពអឺរ៉ុប​របស់ប្រធានាធិបតី​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ដោយចាត់​ទុកថា គំនិតនេះគឺជាការ​ប្រមាថ​មួយ៕