​(ដាម៉ាស់)៖ ទីភ្នាក់ងារ​សារព័ត៌មានរដ្ឋស៉ីរី SANA បានរាយការណ៍ថា ការវាយប្រហារ​តាមផ្លូវអាកាស​របស់ក្រុមចំរុះ​អន្តរជាតិ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បានផ្ដាច់យក​អាយុជីវិតជនស៉ីវិលស៉ីរី ២៦នាក់ នៅក្នុងខេត្ត​ឌែអាល់ហ្សួរ (Deir al-Zour) ស្ថិតនៅភាគខាងកើតប្រទេសស៉ីរី។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាម SANA ការវាយប្រហារ​ផ្លូវអាកាស​ខាងលើ បានកើតឡើងនៅ​ថ្ងៃសុក្រ​សប្ដាហ៍នេះ ដោយមានគោលដៅ​លើមូលដ្ឋាន​របស់ក្រុម ISIS​ ក្នុងទីក្រុង ហាជីន (Hajin) នៃខេត្ត Deir al-Zour ហើយក្នុងចំណោមជនរងគ្រោះក៏មានស្ត្រី និងកុមារ​ផងដែរ។ SANA បានឱ្យដឹង​ទៀតថា សហរដ្ឋអាមេរិក​កំពុងគាំទ្រដល់ កងកម្លាំងស៉ីរី-ឃើដ​ប្រជាធិបតេយ្យ ​ក្នុងការបោសសំអា​តក្រុម ISIS​ នៅតាម​តំបន់ជាច្រើន​នៃទន្លេ អឺប្រាតស៍ (Euphrates) ស្ថិតនៅក្បែរ​ព្រំដែនអ៉ីរ៉ាក់។

គួរបញ្ជាក់ថា ការវាយប្រហារតាម​ផ្លូវអាកាសលើតំបន់​ទាំងនេះ បានចាប់ផ្ដើមជាថ្មី​ឡើងវិញ ក្រោយកង​កម្លាំងស៉ីរី-ឃើដ​ប្រជាធិបតេយ្យ បានបរាជ័យក្នុងការវាយយក​តំបន់មួយចំនួន ពីពួក ISIS មកវិញ កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ៕