​(អង់ការ៉ា)៖ «ខ្ញុំបានរងទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ។ ពួកគេបានគំរាម​ខ្ញុំ តើចង់និយាយការពិត ឬក៏ចង់ស្លាប់»។ នេះគឺជាការ​រៀបរាប់​របស់លោក មូស្តាហ្វា ខេ (Mustafa K) ជាអតីតគ្រូបង្រៀនតួកគីម្នាក់ ដកស្រង់ដោយគេហទំព័រ Stockholmcf.org ​នៅរសៀលថ្ងៃសៅរ៍ ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Mustafa K មានអាយុ ៤០ឆ្នាំ គឺជាគ្រូបង្រៀនតួកគីម្នាក់ ដែលត្រូវបានចាប់ និងឃុំខ្លួនអស់ ៣០ថ្ងៃ ដោយប៉ូលិសតួកគី ក្រោមក្របខណ្ឌ នៃការបោសសំអាត​ក្រុមអ្នកមាន​ជាប់ពាក់ព័ន្ធ នឹងរដ្ឋប្រហារមិនបានសម្រេច នៅក្នុងប្រទេសតួកគី កាលពីឆ្នាំ២០១៦។

ថ្លែងប្រាប់អ្នក​សារព័ត៌មាន​ម្នាក់ឈ្មោះ Sevinç Özarslan អតីតគ្រូបង្រៀន​រូបនេះ បានអះអាងថា ក្រៅតែពីរង​ការធ្វើទារុណកម្ម ប៉ូលិសតួកគីក៏​បានគំរាមដល់ក្រុមគ្រួសារ​របស់លោក​ផងដែរ។ លោក Mustafa K បានគូសបញ្ជាក់​បន្ថែមដូច្នេះ​ថា «ពួកគេ បាន​ព្រមានខ្ញុំថា អាចនឹងធ្វើបាបប្រពន្ធរបស់ខ្ញុំ... បន្ទាប់មកភ្លាមៗ​នោះពួកគេបានយក​ថង់មួយគ្របក្បាលខ្ញុំ ធ្វើឱ្យខ្ញុំមិន​អាចដក​ដង្ហើមរួចឡើយ ហើយខ្ញុំគិតថា​បានស្លាប់ទៅហើយ​នៅពេលនោះ»

គួរបញ្ជាក់ថា លោក Mustafa K​ ត្រូវបានចាប់ និងឃុំខ្លួនក្នុង​ទីក្រុងអង់ការ៉ា ក្រោមបទ​សង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមអ្នកធ្វើ​រដ្ឋប្រហារមិនបាន​សម្រេច។ លោកត្រូវបាន​ប៉ូលិសតួកគី​ឃុំខ្លួន ១៥ថ្ងៃ ហើយបាន​បង្ហាញខ្លួននៅចំពោះ​មុខតុលាការ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ តែលោកត្រូវ​បានដោះលែង​ឱ្យមានសេរីភាព​ឡើងវិញ និងដាក់ឱ្យក្រោម​ការឃុំខ្លួននៅក្នុង​ផ្ទះរបស់​លោក៕