(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញ​ចិត្តជាខ្លាំង ចំពោះគំនិត​បង្កើត​កងទ័ពអឺរ៉ុប​របស់ប្រធានាធិបតី​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ដោយចាត់​ទុកថា គំនិតនេះគឺជាការ​ប្រមាថ​មួយ។ នេះបើតាមការ ចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសៅរ៍ ទី១0 ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់​បែបនេះ​នៅលើ Twitter នៅថ្ងៃសុក្រ​សប្ដាហ៍នេះ។ លោក ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា «ប្រធានាធិបតី​បារាំង​លោក ម៉ាក្រុង បានសន្មត់ថា អឺរ៉ុបគួរតែបង្កើត​កងទ័ពផ្ទាល់ខ្លួន​មួយ ដើម្បីការពារខ្លួន​ពីសហរដ្ឋអាមេរិក
រុស្ស៊ី និងចិន... នេះគឺជាការ​ប្រមាថមួយ។ ប៉ុន្តែដែលអឺរ៉ុប​គួរតែធ្វើ​ដំបូងគេនោះគឺបង់ថ្លៃ​ឱ្យស្មើភាពដល់អង្គការ​ណាតូ ដែល​សហរដ្ឋអាមេរិក កំពុងគំាទ្រ​យ៉ាងពេញ​ទំហឹង»

គួរជម្រាបថា ការលើក​ឡើងខាង​លើរបស់លោក ត្រាំ ធ្វើឡើងជាការឆ្លើយតប​ទៅនឹងលោក ម៉ាក្រុង ដែលបាន​លើកឡើងនៅ​ក្នុងបទសម្ភាសន៍ជា​មួយវិទ្យុ Europe 1 នាពេលថ្មីៗ​នេះថា អឺរ៉ុបគួរ​តែបង្កើតកងទ័ព​ផ្ទាល់ខ្លួន ដើម្បីការពារខ្លួនឯង​ដោយមិន​ចាំបាច់ពឹងផ្អែក​តែទៅលើ​សហរដ្ឋអាមេរិក។ ប៉ុន្តែ​ការកត់សម្គាល់បែបនេះ​របស់លោក ម៉ាក្រុង ទៀតសោត ត្រូវបានធ្វើឡើង ក្រោយ​ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនអ្នក​បាននិយាយថា អឺរ៉ុបត្រូវតែបង្កើន​សមត្ថភាពយោធា​របស់ខ្លួនឱ្យកាន់តែ​រឹងមាំ ព្រោះ​ទីក្រុងវ៉ាស៊ីនតោន​មិនអាច​ការពារអឺរ៉ុប ក្នុងពេលត្រូវប្រឈមមុខជាមួយរុស្ស៊ី​ផង និងចិន​ផងនោះ​ទេ៕