(អាមេរិក)៖​ អាជ្ញាធរអាមេរិក បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់០៥នាក់បានស្លាប់ និងច្រើនជាង១៥០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព​ ខណៈភ្លើងឆេះព្រៃកំណាចចំនួន៣ កំពុងលុយលុករដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៨។

ភ្លើងឆេះព្រៃចំនួន០៣ កំពុងវាយលុកនៅភាគខាងជើង និងខាងត្បូងរដ្ឋកាលីហ្វរញ៉ា ដោយពួក​វា​បាន​​បំផ្លិច​បំផ្លាញ​សំណង់​អគារ​​​រាប់ពាន់ខ្នង ព្រមទាំងបង្ខំឲ្យប្រជាជនអាមេរិករាប់ម៉ឺននាក់ជម្លៀសខ្លួន គេចចេញពីចង្កូមគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅទាំងនេះ។
ភ្លើងឆេះព្រៃឈ្មោះថា Camp Fire បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅភាគខាងជើងកាលីហ្វរញ៉ា ហើយបន្តរីក​រាល​ដាល​ឡើង​យ៉ាង​រហ័ស ដោយវាបានដុតបំផ្លាញផ្ទៃដីប្រហែលជាង ៨,០០០ហិកតា និង​សំណង់អគារជាង១,០០០ខ្នង។

ចំណែក ភ្លើងឆេះព្រៃមួយទៀតឈ្មោះថា Woolsey Fire បាននិងកំពុងវាយប្រហារ​ទីក្រុង Los Angeles ភាគខាងត្បូង រដ្ឋកាលីហ្វរញ៉ា។ ​ភ្លើងឆេះព្រៃ Woolsey Fire បានដុតបំផ្លាញផ្ទៃដីដល់ទៅរាប់ពាន់ហិកតាក្នុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈសារបង្គាប់ឲ្យជម្លៀស​ខ្លួន​ត្រូវបានអនុវត្តន៍នាថ្ងៃសុក្រនេះ ហើយលំនៅឋាន៣០,០០០ខ្នង ស្ថិតក្រោមការគំរាមកំហែង​នៃអណ្តាតភ្លើង​យ៉ាងសន្ធោសន្ធៅ​​​របស់ភ្លើងឆេះព្រៃនេះ។

ដោយឡែក នៅក្បែរ Woolsey Fire គឺមានភ្លើងឆេះព្រៃឈ្មោះថា Hill Fire ដែលបានឆាបឆេះផ្ទៃដីទំហំជាង៤,០០០ហិកតា យ៉ាងឆាប់រហ័សបំផុត​​ បន្ទាប់ពីវាបានចាប់ផ្តើមលេចចេញជារូបរាងឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ខណៈមិននៅទាន់មាន លំនៅឋាន និង​ហាងលក់ដូរ​ណាមួយ ត្រូវបានភ្លើងឆេះព្រៃនេះលេបត្របាក់នៅឡើយទេ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានឲ្យ ដឹងថា ភ្លើងឆេះព្រៃ Woolsey អាច​រាលទៅដល់មហាសមុទ្រប៉ាស៊ីហ្វិកថែមទៀតផង។

គួរជម្រាបថា គ្រោះភ្លើងឆេះព្រៃទាំងអស់នេះ បានរីករាលដាលក្នុងកម្រិតយ៉ាងឆាប់រហ័ស ដោយសារតែការមានកម្រិតសំណើម ទាប​ និង​ខ្យល់បក់ខ្លាំង។ យ៉ាងណាមិញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៃរដ្ឋកាលីហ្វញ៉ា បាននិងកំពុងបន្តខិតខំ​ប្រើគ្រប់មធ្យោបាយ ដើម្បី​បង្រ្កាប​ក៏ដូចជាពន្លត់​អគ្គិភ័យទាំងនេះ ទោះមានមួយចំនួនបានរងរបួសក្នុងកិច្ចប្រឹងប្រែងនេះក៏ដោយ៕