(អាមេរិក)៖ ភ្លើងឆេះព្រៃចំនួន០៣កំពុងវាយលុកនៅភាគខាងជើងនិងខាងត្បូងរដ្ឋកាលីហ្វរញ៉ា ដោយពួក​វា​បាន​​បំផ្លិច​បំផ្លាញ​សំណង់​អគារ​​​រាប់ពាន់ខ្នង ព្រមទាំងបង្ខំឲ្យប្រជាជនអាមេរិករាប់ម៉ឺននាក់ជម្លៀសខ្លួន គេចចេញពីចង្កូមគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅទាំងនេះ។ នេះ​បើតាមការដកស្រង់ការផ្សាយចេញពីស្ថានីយទូរទស្សន៍ CNN នៅយប់ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ភ្លើងឆេះព្រៃឈ្មោះថា Camp Fire បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅភាគខាងជើងកាលីហ្វរញ៉ា ហើយបន្តរីក​រាល​ដាល​ឡើង​យ៉ាង​រហ័ស ដោយមក​ទល់​ពេល​នេះវាបានដុតបំផ្លាញផ្ទៃដីប្រហែលជាង៨,០០០ហិកតា និងបង្ខំឲ្យមនុស្សប្រមាណ​៤០,០០០​នាក់​ជម្លៀសខ្លួនចេញពីតំបន់ Butte County ហើយ​សំណង់អគារជាង១,០០០ខ្នង​ត្រូវបានបំផ្លិចបំផ្លាញ។

ចំណែកភ្លើងឆេះព្រៃមួយទៀតឈ្មោះថា Woolsey Fire បាននិងកំពុងវាយប្រហារ​ទីក្រុង Los Angeles ​ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ា។ ​ភ្លើងឆេះព្រៃ Woolsey Fire បានដុតបំផ្លាញផ្ទៃដីដល់ទៅរាប់ពាន់ហិកតាក្នុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈសារបង្គាប់ឲ្យជម្លៀស​ខ្លួន​ត្រូវបានអនុវត្តន៍នាថ្ងៃសុក្រនេះ ហើយលំនៅឋាន៣០,០០០ខ្នង ស្ថិតក្រោមការគំរាមកំហែង​នៃអណ្តាតភ្លើង​យ៉ាងសន្ធោសន្ធៅ​​​របស់ភ្លើងឆេះព្រៃនេះ ក្រៅពីសំណង់អគារមួយចំនួន​ដែលបានរងការ​បំផ្លិចបំផ្លាញរួចស្រេចទៅហើយ។

នៅក្បែរ Woolsey Fire គឺមានភ្លើងឆេះព្រៃឈ្មោះថា Hill Fire ដែលបានឆាបឆេះផ្ទៃដីទំហំ​ជាង៤,០០០ហិកតាយ៉ាងឆាប់រហ័សបំផុត​​ បន្ទាប់ពីវាបានចាប់ផ្តើមលេចចេញជារូបរាងឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ខណៈមិននៅទាន់មានលំនៅឋាន និង​ហាងលក់ដូរ​ណាមួយ ត្រូវបានភ្លើងឆេះព្រៃនេះលេបត្របាក់នៅឡើយទេ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានឲ្យដឹងថា ភ្លើងឆេះព្រៃ Woolsey អាច​រាលទៅដល់មហាសមុទ្រប៉ាស៊ីហ្វិកថែមទៀតផង។

គួរជម្រាបថា គ្រោះភ្លើងឆេះព្រៃទាំងអស់នេះ បានរីករាលដាលក្នុងកម្រិតយ៉ាងឆាប់រហ័ស ដោយសារតែការ​មានកម្រិតសំណើមទាប​ និង​ខ្យល់បក់ខ្លាំង។ យ៉ាងណាមិញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៃរដ្ឋកាលីហ្វញ៉ា បាននិងកំពុងបន្តខិតខំ​ប្រើគ្រប់មធ្យោបាយដើម្បី​បង្រ្កាប​ក៏ដូចជាពន្លត់​អគ្គិភ័យទាំងនេះ ទោះមានមួយចំនួនបានរងរបួសក្នុងកិច្ចប្រឹងប្រែងនេះក៏ដោយ៕