(ហាណូយ)៖ ចំណូលបានពីការលក់​ឈើ និងផលិតផលធ្វើពីឈើ​នៅឯក្រៅ​ប្រទេស​របស់វៀតណាម​​​នាចន្លោះ​ ខែ​មករា ​និង​ខែ​តុលា ឆ្នាំ២០១៨ មានការកើន​ឡើង ១៤.៩ភាគរយ ជាមួយថវិកា​​ជិត ៧.២ពាន់លានដុល្លារ ធៀបនឹងរយៈពេល​ដូចគ្នានាឆ្នាំ​ទៅមិញ។ នេះបើ​តាមការ​បញ្ជាក់ក្នុង​របាយការណ៍​​របស់សមាគម​ផលិតផល​ព្រៃឈើ នៃប្រទេសវៀតណាម ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៉ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្នុងខែតុលាកន្លង​ទៅតែឯងប៉ុណ្ណោះ វៀតណាមរក​បាន ៨០០លានដុល្លារពី ការនាំចេញឈើ និងផលិតផលកែច្នៃពីឈើ។ ដោយឡែកក្នុងចន្លោះពេល ​១០ខែដំបូង នៃឆ្នាំ២០១៨​នេះ សហរដ្ឋអាមេរិក ជប៉ុន ចិន និងកូរ៉េខាងត្បូង នៅតែជាទីផ្សារនាំចេញធំៗ​ជាងគេ​របស់ប្រទេស​វៀតណាម។ ទន្ទឹមគ្នា​នេះ​​វៀតណាមក៏​បានចំណាយជិត ១.៩​ពាន់លានដុល្លារ​​លើការនាំចូល​ឈើ និងផលិតផលធ្វើពីឈើ​ពីក្រៅប្រទេស​ ចូលមកវិញ​ផងដែរ។

គួរជម្រាបថា បើតាមការព្យាករណ៍​របស់សមាគម​ខាងលើ វៀតណាមទំនង​ជានឹង​អាចរក​ចំណូល​ពីការនាំ​ចេញឈើ និងផលិតផលធ្វើពីឈើ​បានប្រហែល ៩ពាន់លានដុល្លារ​ នៅពេញមួយឆ្នាំ២០១៨​នេះ ខណៈឆ្នាំមុនប្រទេសអាស៊ានមួយនេះរកបានជាង ៧.៦ពាន់លានដុល្លារ ដោយយោងលើ​តម្រូវ​​ការកើន​ឡើងក្នុងទីផ្សារ​ពិភពលោក៕