(​ន័រវែស)៖ ប្រទេសន័រវែស​ត្រូវបានគេរាយការណ៍​ថា បានខាតបង់ប្រាក់​រាប់លានដុល្លារ ក្រោយពីនាវាចម្បាំងរបស់ខ្លួនមួយ​គ្រឿង ឈ្មោះ KMN Helge Instad បានបុកជាមួយ​នាវាដឹកប្រេង Sola TS ដែលបានចុះបញ្ជី​នៅក្នុងប្រទេស​ម៉ាល់តា។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik ​នៅរសៀល​ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ហេតុការណ៍​ខាងលើ​បានកើតឡើង នៅអំឡុងពេល​ដែលនាវា​ចម្បាំង KMN Helge Instad ត្រឡប់មកពី​ចូលរួមធ្វើសមយុទ្ធ​យោធា ត្រាយដិន (Trident) ជាមួយអង្គការ​ណាតូ នៅឯសមុទ្រ​នៃភាគពាយ័ព្យទីក្រុង ត្រូនហេម (Trondheim)។ ជាមួយគ្នានោះដែរ បើតាម
សារព័ត៌មាន Aftenposten ការបុកទង្គិចគ្នា​រវាងនាវាទាំងពីរ​ បានកើតឡើងនៅ​ខាងក្រៅចំណតប្រេង​មួយក្នុងទីក្រុង អយហ្គាដិន (Oygarden) នៃតំបន់ហ័រដាឡេនដ៍ (Hordaland) ដោយវាក៏បង្ខំអាជ្ញាធរន័រវែស​បញ្ឈប់រាល់សកម្មភាព​ដឹកជញ្ជូន ខណៈតំបន់​ចម្រាញ់ប្រេង និងឧស្ម័នចំនួន ០៥ នៅតំបន់​សមុទ្រខាងជើង​ ក៏ត្រូវផ្អាកសកម្មភាព​ជាបណ្ដោះអាសន្ន​ផងដែរ។

តំបន់ចម្រាញ់​ប្រេង និងឧស្ម័នចំនួន ០៥ទាំងនេះ អាចរកប្រាក់ចំណូល​ពីការផលិតប្រេង និងឧស្ម័ន ៤៨លានដុល្លារ​ក្នុងមួយថ្ងៃ ឬក៏ ០២លានដុល្លារក្នុងមួយម៉ោង។

គួរជម្រាបថា មនុស្សទាំងអស់ ១៣៧នាក់​ ដែលនៅលើ​នាវាចម្បាំង KMN Helge Instad ត្រូវបានជម្លៀស​ចេញដោយសុវត្ថិភាព រីឯក្រុមអ្នកបើកបរ ០៨នាក់ បានរងរបួស។ ក៏ប៉ុន្តែ មូលហេតុនៃ​គ្រោះថ្នាក់ខាងលើ មិន​ទាន់ត្រូវបានគេកំណត់​នៅឡើយ​ទេ៕