(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតី​អាមេរិក​លោក ម៉ៃក៍ ភែន (Mike Pence) នឹងបំពេញ​ដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេស ស្ថិតនៅតំបន់​អាស៉ីប៉ាហ្វិកចាប់​ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ។ នេះបើតាម​សេចក្តីថ្លែងការណ៍​ពីសេតវិមាន អាមេរិក ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

​សេចក្ដីថ្លែងការណ៍ពីសេតវិមាន ដែល​ចេញផ្សាយក្នុង​សប្ដាហ៍នេះ​បានបញ្ជាក់​ទៀតថា លោក Mike Pence នឹងបំពេញ​ដំណើរទស្សនកិច្ច​នៅប្រទេស​ ជប៉ុន សិង្ហបុរី អូស្ត្រាលី និងប្រទេសដីកោះប៉ាពួញូហ្គីណេ ដែលសុទ្ធសឹងជា​ប្រទេសស្ថិតនៅ​ក្នុងទ្វីបអាស៊ី ជាប់នឹងម​ហាសមុទ្រ​ប៉ាស៊ីហ្វិក។

លើសពីនេះទៅទៀត លោក​អនុប្រធានាធិបតី ក៏នឹង​ជួសមុខឱ្យប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ផងដែរ ក្នុងការចូលរួមកិច្ច​ប្រជុំកំពូល​អាមេរិក-​អាស៊ាន ព្រមទាំង​កិច្ចប្រជុំ កំពូលអាស៊ីខាងកើត​រៀបចំឡើងក្នុងប្រទេស​សិង្ហបុរី និងកិច្ចប្រជុំសហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក (​APEC) នៅឯប្រទេស​ដែនកោះប៉ាពួ​ញូហ្គីណេ។

គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានពីសេតវិមាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតិន (John Bolton) នឹងត្រូវអមដំណើរលោក Pence ក្នុងដំណើរបំពេញទស្សនកិច្ច​ដ៏មមាញឹកខាងមុខនេះ ដែលតំណាងលោក ត្រាំ រូបនេះនឹងត្រូវជួបពិភាក្សាការងារ​ជាមួយមេដឹកនាំ ជប៉ុន សិង្ហបុរី ឥណ្ឌា ប៉ាពួញូហ្គីណេ និង​អូស្ត្រាលី៕