(វ៉ាស៊ីនតោន)៖ ក្រោយការបោះឆ្នោត​សភាពាក់កណ្តាល​អាណត្តិ ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានអ្នកជំនាញនយោបាយអន្តរជាតិមើលថា កំពុងទទួល​បានឱកាសជាថ្មី ដើម្បីស្តាឡើងវិញនូវគោលនយោបាយ​ការបរទេស​របស់លោក ដែលសំដៅលើក​ស្ទួយទំនាក់ទំនង​​​ជាមួយ​រុស្ស៉ី​​ និងចិន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ចន វ៉ាលស៍ (John Walsh) ដែលជាសាស្រ្តាចារ្យ និងជាអ្នកជំនាញនយោបាយ​មួយរូប​បាននិយាយថា ខណៈនេះ​​បក្សប្រជាធិបតេយ្យ​អាមេរិក​ បានដណ្តើមកាន់កាប់​សភាតំណាងរាស្រ្ត រីឯ​បក្សសាធារណរដ្ឋ​នៅបន្តគ្រប់គ្រង​ព្រឹទ្ធសភា​ដដែល ហើយលោក ដូណាល់ ត្រាំ នឹងអាចមានភាពបត់បែន​ច្រើនជុំវិញរបៀបវារៈ​ដើម នៃគោលនយោបាយ​ការបរទេស​​​​​របស់​លោក ប៉ុន្តែអ្វីដែល​នៅសល់​នោះ​គឺ ​តើ​លោក​នឹង​អាចឆក់​យក​ឱកាសមួយនេះ​ដែរ ឬយ៉ាងណា?

លោក Walsh បានសង្កត់ធ្ងន់ថា នាអំឡុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក ត្រាំ បានសម្តែង​ការប្រឆាំង ចំពោះគោល​នយោ​បាយ​ការបរទេស​ដែលសំដៅ​ធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិក​​ជាប្រទេស​ចក្រពត្តិនិយម ដោយផ្ទុយទៅវិញលោក​មានបំណងចង់ធ្វើឲ្យ​អាមេរិក​ ក្លាយជា​​ប្រទេសសាមញ្ញមួយ​តែស្ថិតនៅ​ចំណាត់ថ្នាក់កំពូល​ជានិច្ច ប៉ុន្តែលោកត្រូវ​បានរារាំងមិនឲ្យសម្រេច​គោលដៅ​នេះ។

គួរជម្រាបថា យោងតាមអ្នក​ជំនាញខាងលើ​បើលោក ត្រាំ ជ្រើសដើរតាម​គោលនយោបាយសម្របសម្រួលមិត្តភាពជាមួយរុស្ស៊ី និងចិនឡើងវិញនោះ ទោះបីជា​បានជោគ​ជ័យទាំងស្រុង ឬក៏អត់ក្តី ពិភពលោកអាច​នឹងជៀសឆ្ងាយពី​សង្រ្គាមអាក្រក់ៗ និងសូម្បីតែ​សង្រ្គាមនៃអាវុធនុយក្លេអ៊ែរថែម​ទៀត​ផង​៕