(វ៉ាស៊ីនតោន)៖ មេធាវីការពារសិទ្ធិមនុស្ស​ម្នាក់ គឺលោកស្រី ជូលី ហឺវីតស៍ (Julie Hurwitz) បាននិយាយថា អគ្គរដ្ឋអាជ្ញា​ស្ដីទី​លោក ម៉ាត់ត៍ វ៉ៃធេខឺ (Matt Whitaker) គឺអាចអាក្រក់ជាង ១០ដង បើធៀបទៅនឹង​អតីតអគ្គរដ្ឋអាជ្ញា និងជារដ្ឋមន្ត្រីយុត្តិធម៌ លោក ចេហ្វ សេសសិនស៍ (Jeff Sessions) ដែល​ទើបត្រូវ​បានលោក ដូណាល់ ត្រាំ បណ្តេញ​ចេញពីតំណែង។ នេះបើ​តាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស្រី Julie Hurwitz ធ្វើការកត់សម្គាល់​បែបនេះ នៅក្នុងបទសម្ភាសន៍​ជាមួយ Sputnik នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ។ លោកស្រី​បានបញ្ជាក់ប្រាប់ Sputnik យ៉ាងដូច្នេះថា «លោក Matt Whitaker គឺអាចនឹងអាក្រក់ជាង ១០ដង បើធៀបទៅនឹង​អតីតអគ្គរដ្ឋអាជ្ញា និងជារដ្ឋមន្ត្រី​យុត្តិធម៌ លោក Jeff Sessions ទៅទៀត...»។

លោកស្រី Julie បានសង្កត់ធ្ងន់បន្ថែមទៀតថា «នៅក្រោមដឹកនាំក្រសួង​យុត្តិធម៌អាមេរិក ដោយបុគ្គលរូបនេះ (Whitaker) លោកអាចនឹង​បន្តរំលោភបំពាន​លើសិទ្ធិជនស៊ីវិល ក្នុងនោះរួមមាន​ទាំងការគាំទ្របម្រាម​ចូល​សហរដ្ឋអាមេរិក របស់ប្រធាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ លើជនអន្តោប្រវេសន៍​មកពីប្រទេសកាន់​សាសនាអ៉ីស្លាម​មួយចំនួន ជាពិសេស​គឺការប្រឆាំងនឹង​ការស៉ើបអង្កេត​ ជុំវិញការលូកដៃ​​របស់រុស្ស៉ី​ចូលក្នុងកិច្ចការ​បោះឆ្នោតអាមេរិក​កាល​ពីឆ្នាំ២០១៦ ជាដើម»។

គួរបញ្ជាក់ថា លោក Whitaker មានអាយុ ៤៩ឆ្នាំ គឺជាប្រធានបុគ្គលិក​របស់លោក Sessions ចាប់តាំង​ពីឆ្នាំ២០១៧ មកម្ល៉េះ ហើយ​លោកត្រូវ​បានតែងតាំងជា​រដ្ឋមន្ត្រីយុត្តិធម៌​ជាបណ្ដោះអាសន្ន ក្រោយ​លោក ត្រាំ បណ្ដេញ​លោក Sessions ចេញពីតំណែង។ លោក Jeff Sessions ត្រូវបាន​លោក ដូណាល់ ត្រាំ បណ្ដេញចេញពី​តំណែង​តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគណបក្ស​សាធារណរដ្ឋ​របស់លោក​ បានរបូតការគ្រប់គ្រងលើសភា​តំណាងរាស្ត្រ ទៅឱ្យបក្ស​ប្រជាធិបតេយ្យ ក្រោយការបោះឆ្នោត​សភាពាក់កណ្តាល​អាណត្តិ។  

ប៉ុន្តែ​ការបណ្ដេញ លោក Sessions ចេញពីតំណែងត្រូវ​បានគេមើលឃើញ​ថា ជាឱកាសដែលលោក ត្រាំ អាចតែង​តាំង​រដ្ឋមន្ត្រីយុត្តិធម៌ថ្មីម្នាក់ ​ដែលលោកជឿជាក់​ថា អាចជួយលោក​បញ្ឈប់ការស៉ើបអង្កេត​របស់រដ្ឋអាជ្ញាពិសេស​អាមេរិក លោក ​រ៉ូប៊ឺត មូល្លឺ (Robert Mueller) ជុំវិញសំណុំ​រឿងរុស្ស៊ី។ លើសពីនេះ​ទៅទៀត លោក ត្រាំ ធ្វើបែបនេះ​អាចជាការពិន័យ​លើអតីតរដ្ឋមន្ត្រីយុត្តិធម៌​រូបនេះ សម្រាប់ការដកខ្លួនចេញ​ពីការស៉ើប​អង្កេតលើរុស្ស៉ី៕