(អាមេរិក)៖ ជនឈ្មោះ អ៊ីយ៉ាន ដេវីដ ឡង (Ian David Long) ត្រូវអាជ្ញាធរអាមេរិក​កំណត់អត្តសញ្ញាណបាន​ថា គឺជា​ខ្មាន់កាំភ្លើង​ដែល​បានសម្លាប់មនុស្ស​១២នាក់ ក្នុងករណីបាញ់​ប្រហារនៅក្លឹបកម្សាន្តពេល​រាត្រីមួយកន្លែង នៃក្រុង សៅសិន អកស៍ (Thousand Oaks) ភាគខាងត្បូង​រដ្ឋកាលីហ្វរញ៉ា។ នេះ​បើតាមការដកស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ខ្មាន់កាំភ្លើងរូបនេះ​ក៏បានបាត់បង់ជីវិត ក្នុងហេតុការណ៍​ខាងលើផ​ងដែរ ​ដោយសារការ​ធ្វើអត្តឃាតខ្លួនឯងផ្ទាល់ ​បន្ទាប់​ពី​បាន​បង្ក​ឲ្យ​មនុស្ស​​សរុប ២៥នាក់ទៀតរងរបួស ក្រៅពីអ្នកដែល​បានបាត់បង់​ជីវិតទាំង ១២នាក់។ ​បើ​តាមការបញ្ជាក់​ពីអាជ្ញាធរអាមេរិក លោក Ian David Long មាន​​អាយុ ២៨ឆ្នាំ និងធ្លាប់មានតួនាទី​ជាកងទ័ព​ម៉ារីន។​ សម្រាប់អាវុធដែលជនដៃដល់ប្រើប្រាស់ គឺជាប្រភេទកាំភ្លើងខ្លី Glock 21-a ខណៈ​​មនុស្ស​រាប់រយនាក់ត្រូវ​បានគេអះអាងថា បានស្ថិតក្នុងក្លឹបកើតហេតុ​នៅពេលផ្ទុះករណី​បាញ់ប្រហារ។ ​

គួរជម្រាបថា ហេតុការណ៍ខាងលើនេះ​ត្រូវគេចាត់ទុកថា ជាករណីបាញ់ប្រហារ​ដ៏អាក្រក់បំផុត​មួយ នៅក្នុងប្រវត្តិ​សាស្រ្ត​អាមេរិក​ ហើយអាជ្ញាធរមិនទាន់​អាចកំណត់មូលហេតុ​ ដែលបង្កឲ្យ​ជនដៃដល់​ខាងលើ បាញ់សម្លាប់មនុស្ស​យ៉ាងរង្គាលបែបនេះបាន​នៅ​ឡើយ​ទេ​៕