(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (​UN) លោកស្រី Nikki Haley បាននិយាយថា រុស្ស៊ីកំពុងព្យាយាម ដកទណ្ឌកម្មពីកូរ៉េខាងជើង តែសហរដ្ឋអាមេរិក នឹងមិនបណ្ដោយឱ្យរឿងបែបនេះកើតឡើងឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស្រី Nikki Haley ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារមួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោកស្រី Haley បានលើកឡើងដូច្នេះថា៖«អ្វីដែលពួកគេ (​រុស្ស៊ី) កំពុងធ្វើគឺចង់ដកទណ្ឌកម្មធនាគារពីកូរ៉េខាងជើង...យើងបានដឹងយ៉ាងច្បាស់ពីបំណងរបស់ពួកគេ ហើយយើងក៏ដឹងផងដែរថាហេតុអ្វី បានជាពួកគេព្យាយាមដកទណ្ឌកម្មពីកូរ៉េខាងជើង...ប៉ុន្តែយើងនឹងមិនបណ្ដោយឱ្យរឿងបែបនេះកើតឡើងជាដាច់ខាត»

គួរបញ្ជាក់ថា បើទោះជាកូរ៉េខាងជើង បញ្ឈប់ការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរក៏ដោយ តែសហរដ្ឋអាមេរិកមិនទាន់បន្ធូរ បន្ថយទណ្ឌកម្មរបស់ខ្លួនឡើយ ហើយថែមទាំងបញ្ជាក់ដែរថានឹងបន្តដាក់ទណ្ឌកម្ម លើរបបដឹកនាំទីក្រុងព្យុងយ៉ាង រហូតដល់មាន ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែទន្ទឹមគ្នា កូរ៉េខាងជើងបានព្រមានថាខ្លួន​ នឹងអនុវត្តគោលនយោបាយនុយក្លេអ៊ែរឡើងវិញ បើទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្មចេញទេនោះ៕