(ហូឡង់)៖ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់នៃប្រទេសហូឡង់ (AIVD) បានចេញរបាយការណ៍មួយឲ្យដឹងថា ក្រុមភេរវករ ISIS នៅ​​មជ្ឈិមបូព៌ា ​បាននិងកំពុងប្រើប្រាស់តួកគីធ្វើជាមូលដ្ឋានយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីប្រមែប្រមូលកម្លាំងឡើងវិញ ដែលវាគឺជាការ​គំរាមកំហែងធំមួយសម្រាប់សន្តិសុខនៅអឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Stockholm Center for Freedom នៅយប់ថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទីភ្នាក់ងារ AIVD បានលើកឡើងថា ចាប់តាំងពីសង្រ្គាមបានផ្ទុះ​ឡើង​​នៅប្រទេសស៉ីរី តួកគីគឺជាចំណុចដែល​ក្រុមសកម្មប្រយុទ្ធមកពីគ្រប់ទិសទីជុំវិញពិភពលោក ក្នុងចំនួនច្រើនមិនធ្លាប់មាន បានយកធ្វើ​ជាឈ្នាន់ដើម្បីឆ្ល​ងចូលទៅស៉ីរី។

គួរជម្រាបថា បើតាមទីភ្នាក់ងារចារកម្មហូឡង់ រដ្ឋាភិបាលតួកគីពុំចាត់ទុកក្រុមភេរវករនេះ ជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន​ឡើយ ហើយភាពមិនស៉ីចង្វាក់គ្នារវាងតួកគីនិងអឺរ៉ុប​ជុំវិញ​ការបង្រ្កាបអំពើភេរវកម្មនេះ គឺជាបញ្ហាចោទយ៉ាងសំខាន់មួយ។ ទីភ្នាក់ងារ​ AIVD បានសង្កត់ធ្ងន់ក្នុងរបាយការណ៍ខាងលើថា តួកគីមិនមានវិធានប្រឆាំងក្រុម ISIS ទេ ប៉ុន្តែផ្តោតអាទិភាពសំខាន់ទៅលើការ​ប្រយុទ្ធប្រឆាំងជាមួយក្រុម​សកម្មប្រយុទ្ធឃើដទៅវិញ៕