(ប៉ារីស)៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ទីក្រុងប៉ារីស​នឹង​ព្យាយាម​ដឹក​នាំ​​​កិច្ច​ប្រឹង​ប្រែង​របស់សហភាពអឺរ៉ុប ដើម្បីប្រឆាំងតទល់ជាមួយទណ្ឌកម្ម​របស់សហរដ្ឋអាមេរិក ដែល​ទើបបាន​ដាក់​ទៅ​លើ​ប្រទេស​អ៉ីរ៉ង់​ ​​ហើយបារាំងក៏នឹងខិតខំលើកស្ទួយលុយអឺរ៉ូនៅលើឆាកអន្តរជាតិផងដែរ។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​​ចេញ​​ពី​សារព័ត៌​មាន​​រុស្ស៉ី Sputnik នៅយប់ថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោករដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំង បានលើកឡើងថា អឺរ៉ុបមិនសុខចិត្តឱបដៃឈរមើលសហរដ្ឋអាមេរិកតម្កើងខ្លួន ធ្វើជាអ្នកត្រួតត្រាលើ​វិស័យពាណិជ្ជកម្មពិភពលោកឡើយ ខណៈដែលឥឡូវនេះកញ្ចប់ទណ្ឌកម្មថ្មីទ្រង់ទ្រាយធំ​របស់ទីក្រុងវ៉ាស៉ីនតោន ប្រឆាំង​នឹង​អ៉ីរ៉ង់​បានចូលជាធរមានថ្មីៗនេះ។ លោក Maire បានបន្តថា បញ្ហាវិវាទ​អាមេរិក-អឺរ៉ុប ជុំវិញទណ្ឌកម្មលើអ៉ីរ៉ង់ និង​ការព្យាយាម​បង្កើត​យន្ត​ការហិរញ្ញវត្ថុថ្មី​របស់សហភាពអឺរ៉ុប ដែលមានគោលដៅបន្តការធ្វើពាណិជ្ជកម្ម​ជាមួយអ៉ីរ៉ង់ បានរំលេចកាន់តែច្បាស់ពីភាពចាំបាច់​​​​សម្រាប់ឲ្យអឺរ៉ុបធានាឲ្យបាននូវ អធិបតេយ្យភាពសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។

គួរជម្រាបថា ការកត់សម្គាល់របស់រដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំងរូបនេះ បានកើតមានឡើង បន្ទាប់ពីកញ្ចប់ទណ្ឌកម្មខ្នាតធំ​​លើវិស័យ​ពាណិជ្ជកម្មប្រេង វិស័យដឹកជញ្ជូនតាមកប៉ាល់ និងវិស័យធនាគារ​​របស់អ៉ីរ៉ង់ បានចូលជាធរមាននាថ្ងៃចន្ទកន្លងទៅ។ ទន្ទឹមនឹងនេះ​ ទីក្រុងវ៉ាស៉ីនតោន បានសម្រេចផ្តល់ការលើកលែងដល់​ប្រទេសចំនួន​០៨ ឲ្យរួចខ្លួនពី​​​ទណ្ឌកម្មនេះ ដោយ​ប្រទេសទាំងនោ ​រួម​មាន​ចិន ឥណ្ឌា អ៉ីតាលី ក្រិច ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងតួកគី នៅអាច​បន្ត​​នាំចូល​ប្រេង​​ពី​អ៉ីរ៉ង់បាន៕