(អ៊ីរ៉ង់)៖ ទណ្ឌកម្មថ្មីដ៏តានតឹងរបស់​សហរដ្ឋអាមេរិក ដាក់សម្ពាធទៅ​លើប្រទេស​អ៊ីរ៉ង់ បានចូលជាធរមាន​កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។ ជាមួយនឹងទណ្ឌកម្ម​ថ្មីនេះ ប្រធានាធិបតីអាមេរិកមានបំណងក្នុងការ​រារាំងទាំងស្រុងនូវ​ការនាំចេញប្រេង ដែលជាឆ្នាំងបាយ​ដ៏សំខាន់បំផុតរបស់​អ៊ីរ៉ង់។ ការដាក់ទណ្ឌកម្ម​ថ្មីបំផុតរបស់អាមេរិក បានហាមឃាត់​រាល់ក្រុមហ៊ុនទាំងអស់​ ដែលធ្វើពាណិជ្ជកម្ម​ជាមួយប្រទេស​អ៊ីរ៉ង់ មិនឱ្យធ្វើអាជីវកម្ម​នៅលើទឹកដីសហរដ្ឋអាមេរិក​ឡើយ។ ម្យ៉ាងវិញទៀត ទណ្ឌកម្មនេះ ក៏បានរារាំង ក្រុមហ៊ុនអាមេរិក មិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនណាមួយ ដែលមានទំនាក់ទំនង​សេដ្ឋកិច្ច ជាមួយប្រទេស​អ៊ីរ៉ង់ដូចគ្នា។

ទោះបីជាយ៉ាងនេះក្តី លោក ត្រាំ បានអនុញ្ញាតឱ្យ​រដ្ឋចំនួនប្រាំបី​បន្តរក្សាការនាំចូល​ពីប្រទេស​អ៊ីរ៉ង់ ជាសម្បទាន​បណ្ដោះអាសន្ន។ ចំណុចនេះ វាហាក់បញ្ជាក់ថា លោក ត្រាំ បានទទួលស្គាល់ថា ការរាំងខ្ទប់ការនាំចេញ​ប្រេងរបស់អ៊ីរ៉ង់ ឱ្យដល់សូន្យ​ជារឿងងាយ​នោះទេ។

សម្រាប់បណ្ដារដ្ឋ​ជាច្រើន វាជារឿងមិនអាច​ទៅរួចឡើយ ក្នុងការកាត់ផ្តាច់ទំនាក់ទំនង​ផ្នែកការផ្គត់ផ្គង់ថាមពល ​ជាមួយ​រដ្ឋាភិបាលក្រុង​តេហេរ៉ង់ ក្នុងរយៈពេលខ្លីមួយ នោះហើយជាមូលហេតុ​ដែល​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន បានអនុញ្ញាត​ឱ្យបណ្តាប្រទេសខ្លះ​បន្តនាំចូលប្រេង និងឧស្ម័ន​ពីប្រទេស​អ៊ីរ៉ង់ ប៉ុន្តែពួកគេចាំ​បាច់ត្រូវកាត់ការនាំចូល​ ក្នុងបរិមាណយ៉ាង​ច្រើន ឬបញ្ឈប់ការនាំចូល​ទាំងស្រុងក្នុងពេល​អនាគត។

ជាក់ស្តែងដូចជា​ប្រទេសតួកគី ដែលទទួលការផ្គត់ផ្គង់​ថាមពល​ពីប្រទេស​អ៊ីរ៉ង់ ដូច្នេះវាមិនអាច​ទៅរួចទេ​សម្រាប់តួកគី ក្នុងការអនុវត្ត​តាមចេតនារបស់​ប្រទេសមហាអំណាច​អាមេរិក ដោយកាត់ផ្ដាច់ការ​នាំចូលពីអ៊ីរ៉ង់​ក្នុងពេលដ៏ខ្លីខាងមុខ ព្រោះរដ្ឋាភិបាល​ទីក្រុងអង់ការ៉ា ពិបាកក្នុងស្វែងរក​ប្រភពផ្គត់ផ្គង់ថាមពលថ្មី​ពីបណ្តារដ្ឋដទៃ ព្រមទាំងបង្កឱ្យ​សេដ្ឋកិច្ចប្រទេសនេះ​ទន់ខ្សោយ និងផុយស្រួយ។

មិនមែនមានប្រទេស​តួកគី​តែប៉ុណ្ណោះទេ នៅមានបណ្តាប្រទេស​ជាច្រើនទៀតដែលជា​សម្ព័ន្ធមិត្តជិតស្និទ្ធ​របស់អាមេរិក ក៏ប្រឈមមុខនឹងបញ្ហាស្រដៀង​គ្នាដែរ។ គិតត្រឹម​ថ្ងៃ២៨ ខែតុលា គឺក្នុងរយៈពេល​ប៉ុន្មានថ្ងៃមុន​ការដាក់ទណ្ឌកម្មថ្មី​របស់អាមេរិក​ចូលជាធរមាន ក្រុមហ៊ុនប្រេងជាតិ​អ៊ីរ៉ង់ អាចលក់​ប្រេងឆៅបានរហូតដល់ ២៨០ពាន់បារ៉ែល​ ក្នុងតម្លៃ ៧៤,៨៥ដុល្លារ​ក្នុងមួយបារ៉ែល ជាសញ្ញាបង្ហាញ​ពីតម្រូវការប្រេង ​ពីប្រទេស​អ៊ីរ៉ង់​យ៉ាងខ្លាំងក្លា។

ប្រសិនបើសហរដ្ឋអាមេរិកមិនផ្ដល់ការលើកលែង ​ចំពោះប្រទេស​ដែលពឹងផ្អែកយ៉ាងខ្លាំង​ទៅលើប្រេងរបស់​អ៊ីរ៉ង់ទេនោះ ច្បាស់ណាស់ថា​ប្រទេសទាំងនោះ នឹងរំលោភបំពាន​ទៅលើគោលការណ៍ នៃទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន ទៅលើ​រដ្ឋាភិបាល តេហេរ៉ង់ដោយចៀសមិនរួច។

ប៉ុន្តែ​បើទោះបីជាកិច្ចសហប្រតិបត្តិការ​លើផ្នែកថាមពល​របស់អ៊ីរ៉ង់ អាចបន្ត​បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​របស់អាមេរិកក្តី ក៏ប្រទេសប្រេង​មួយនេះ​នឹងនៅតែរងផលប៉ះពាល់​ដដែល។
រំឮកដល់​គ្រាមួយ ពេលដែលរដ្ឋាភិបាល​ក្រុងតេហេរ៉ង់ បានចុះហត្ថលេខា​លើផែនការសកម្មភាព​រួម ឬហៅកាត់ថា (JCPOA) កិច្ចព្រមព្រៀង​កម្មវិធីនុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ខែកក្កដា ឆ្នាំ២០១៥ ជាមួយប្រទេសចិន បារាំង រុស្ស៊ី សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ក្តីសង្ឃឹមដ៏ធំ​បំផុតរបស់​ប្រទេស អ៊ីរ៉ង់ គឺការវិលត្រឡប់​មកវិញនូវការវិនិយោគ​អន្តរជាតិទ្រង់ទ្រាយធំ​ ដើម្បីជួយបង្កើន​បរិមាណការងារ និងកំណើនសេដ្ឋកិច្ច​នៅក្នុងប្រទេស ដែលពិតជា​មានសារៈសំខាន់ជាខ្លាំង​ សម្រាប់ប្រជាប្រិយភាព​របស់ប្រធានាធិបតី​អ៊ីរ៉ង់ លោក រ៉ួហានី និងប្លុកនយោបាយ​របស់លោក។ សម្រាប់​លោក រ៉ួហានី និងប្រទេស​អ៊ីរ៉ង់ ក្រុមវិនិយោគិន​ដែលពួកគេចាប់អារម្មណ៍​ចង់បានខ្លាំង គឺប្រទេស​នៅអឺរ៉ុប។

បណ្ដាប្រទេស​នៅអឺរ៉ុប បានសម្តែងទំនុក​ចិត្តថា អ៊ីរ៉ង់នឹងរក្សាការ​ប្តេជ្ញាចិត្តគោរពតាម​គោលការណ៍ JCOPA ហើយបានបញ្ជាក់​យ៉ាងច្បាស់ថា ពួកគេនឹងមិនដើរ​តាមគន្លងរបស់​សហរដ្ឋអាមេរិក ដោយដាក់ទណ្ឌកម្ម​លើប្រទេស​អ៊ីរ៉ង់​ឡើយ។ ទន្ទឹមនឹងនេះ​ផងដែរនោះ មេដឹកនាំ​នៃបណ្ដាប្រទេស អឺរ៉ុប បានសម្រេចចិត្ត​អនុវត្តយន្តការទូទាត់ ជាមធ្យោបាយ​ពិសេស ដើម្បីជួយដល់ទ្រទ្រង់​ក្រុមហ៊ុនអឺរ៉ុប ដើម្បីចៀសវាង​ការខាតបង់ដោយសារទណ្ឌកម្មរបស់​សហរដ្ឋអាមេរិក។

ទោះជាយ៉ាងនេះក្តី គោលនយោបាយ​របស់អឺរ៉ុប នៅតែមិនអាចរារាំង​ក្រុមហ៊ុនអឺរ៉ុបជាច្រើន ឱ្យដកខ្លួនចេញពីទីផ្សារ​អ៊ីរ៉ង់បាននៅឡើយ ដែលរួមមាន​ក្រុមហ៊ុនសំខាន់ៗ ដូចជាក្រុមហ៊ុន Total និងក្រុមហ៊ុន Airbus ជាដើម។ ក្រុមហ៊ុនរបស់​ប្រទេសនៅអឺរ៉ុប​ភាគច្រើន ទំនាក់ទំនងសេដ្ឋកិច្ច​ជាមួយអ៊ីរ៉ង់មាន​តម្លៃខ្ពស់ ហេតុនេះបើទោះ​បីជាមានការអនុវត្ត​គោលនយោបាយ​ទូទាត់ពិសេស ឬវិធានការ​ផ្សេងទៀត ក៏ពិបាកក្នុងការ​លុបបំបាត់ការខាតបង់​របស់ខ្លួនជាខ្លាំង៕