(វ៉ាស៉ីនតោន)៖ បន្ទាប់ពីសោកនាដកម្ម​ធ្លាក់យន្ដហោះប្រភេទ 737 MAX 8 នៅក្នុងប្រទេស​ឥណ្ឌូណេស៉ី ក្រុមហ៊ុន Boeing កំពុង​ត្រៀមខ្លួនប្រកាស​អាសន្នដល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ថា បញ្ហាមិនប្រក្រតី​នៃយន្ដហោះ​ស៊េរីថ្មីនេះ អាចធ្វើ​ឱ្យយន្ដហោះ​ដាំក្បាលចុះក្រោមភ្លាមៗ។ នេះបើតាម Bloomberg ដកស្រង់​ដោយសារព័ត៌មាន Russian Today​ នៅល្ងាចថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

សារព័ត៌មាន Bloomberg ផ្អែកលើប្រភព​ដែលស្និទ្ធនឹងក្រុមហ៊ុន Boeing ដែលខ្លួន​ទទួលបានបានបញ្ជាក់ទៀតថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិកមួយ​នេះ គ្រោងនឹងបញ្ជាក់ជាសាធារណថា បញ្ហាមួយចំនួន​ដែលត្រូវបាន​រាយការណ៍​ចេញពីប្រព័ន្ធ​ត្រួតពិនិត្យ​របស់យន្ដហោះ​ អាចជាមូលហេតុ​​ធ្វើឱ្យយន្ដហោះដាំក្បាលចុះ​ក្រោម​ភ្លាមៗ ដែលវាជាបញ្ហាស្មុគស្មាញមួយ នៃប្រព័ន្ធបច្ចេកទេស​របស់យន្តហោះប្រភេទ​ថ្មីបំផុត​នេះ។

ម្យ៉ាងវិញទៀត​​បើតាមប្រភពដដែលនេះ ការព្រមានរបស់​ក្រុមហ៊ុន Boeing ត្រូវចេញផ្សាយ​នៅពេលឆាប់ៗនេះ គឺផ្អែកលើ​ការស៉ើបអង្កេតនៃគ្រោះថ្នាក់​ធ្លាក់យន្ដហោះ 737 MAX 8 របស់ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ក្នុងប្រទេស​ឥណ្ឌូណេស៉ី ក៏ប៉ុន្តែ​ក្រុមហ៊ុន Boeing មិនទាន់ធ្វើការអត្ថាធិប្បាយ​​ណាមួយ​នៅ​ឡើយទេ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែតុលា យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុន Lion Air បានធ្លាក់ចូលទឹក​សមុទ្រ ក្រោយហោះឡើងបន្តិច​ដោយផ្ដាច់ជីវិត​មនុស្សជិះ​នៅលើនោះទាំងអស់ ១៨៩នាក់។ ចំណែកឯ ក្រុមអ្នកស៉ើប​អង្កេតឥណ្ឌូណេស៉ី ដោយ​ផ្អែកលើ flight recorders បានអះអាងថា យន្តហោះមានបញ្ហាផ្នែកកុងទ័រ​ល្បឿន នៅក្នុងអំឡុង​ពេលហោះ​ហើរបួនលើកចុង​ក្រោយមកម្ល៉េះ។ តែទោះជា​យ៉ាងក្ដី​ ខាងអាជ្ញាធរអាមេរិក និងក្រុមហ៊ុន Boeing មិនបានទទួល​ស្គាល់ពីការអះអាងនេះ​ឡើយ រីឯក្រុមអ្នកស៉ើប​អង្កេតឥណ្ឌូណេស៉ី​ផ្ទាល់ក៏មិនទាន់បាន​បញ្ចេញរបាយការណ៍​ណាមួយ ពាក់ព័ន្ធបញ្ហាខូចកុងទ័រ​កំណត់ល្បឿន​យន្ដហោះ នេះដែរ៕