(វ៉ាស៉ីនតោន)៖ អតីតអនុប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) អាច​នឹងត្រូវបានជ្រើសតាំងជាបេក្ខជន​ប្រធានាធិបតី​ តំណាងឱ្យគណបក្សប្រជាធិបតេយ្យ នៅឆ្នាំ២០២០ ដើម្បីប្រកួតប្រជែង​ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

Reuters ផ្អែកលើការស្ទង់មតិ​របស់ខ្លួនបាន​ឱ្យដឹងទៀតថា លោក Biden ទទួលបានសំឡេង​គាំទ្រ ២៩ភាគរយ រីឯលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) ទទួលបានការ​គាំទ្រ ២២ភាគរយ ក្នុងចំណោមបេក្ខជននានា នៃបក្ស​ប្រជាធិបតេយ្យ ដែលសាកសមសម្រាប់ទៅប្រកួតជាមួយលោក ដូណាល់ ត្រាំ នាឆ្នាំ២០២០។

មិនតែ​ប៉ុណ្ណោះ ការស្ទង់មតិនេះ​​ក៏បានបញ្ជាក់ដែរថា លោក Biden មានពិន្ទុខ្ពស់ នៅក្នុងប្រកួត​ប្រជែង ដោយនឹងអាចយក​ឈ្នះលោក ត្រាំ ក្នុងសំឡេង​គាំទ្រ ៥១ ទល់នឹង ៣៩ភាគរយ នៅក្នុងការបោះឆ្នោតប្រជែងយក​ប្រជាប្រិយភាព​ សំណាក់ប្រជាពលរដ្ឋអាមេរិក នៅចុងឆ្នាំ២០២០​ខាងមុខ។

​បើគេនៅចាំមិនភ្លេចទេ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​ឆ្នាំ២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានសំឡេងគាំទ្រ​ជិត ០៣លានសំឡេង​ពីប្រជាជនអាមេរិក ដែលច្រើនជាងលោក ដូណាល់ ត្រាំ តែលោកស្រីនៅតែចាញ់លោក ដូណាល់ ត្រាំ ដែល​បានទទួល​សំឡេង​ប្រតិភូបោះ​ឆ្នោតគាំទ្រច្រើនជាង​​លោកស្រី។

ប្រព័ន្ធបោះឆ្នោត​របស់សហរដ្ឋអាមេរិកបែបនេះ​មានន័យថា លោកស្រី គ្លីនតុន ត្រឹមតែទទួលបានជ័យជម្នះ​លើការបោះឆ្នោត​ប្រជាប្រិយភាព (Popular Votes) ប៉ុណ្ណោះ ខណៈដែលលោក ដូណាល់ ត្រាំ ទើបជាម្ចាស់ជ័យលាភី ដោយទទួលបានសំឡេងគាំទ្រពីប្រតីភូច្រើនជាង ទើបបាន​ឡើងធ្វើជាប្រធានាធិបតីអាមេរិក​អាណត្តិថ្មី។

គួរជម្រាបថា ការស្ទង់មតិរបស់ Reuters ធ្វើឡើងកាលពី​ថ្ងៃអង្គារ និងផ្អែក​លើចម្លើយតប​ពី​អ្នកត្រូវបាន​​សម្ភាសន៍ ៣៨,១៩៦​នាក់ នៅលើ​បណ្ដាញ​អ៊ីនធើណែត​នៅរយៈពេល​មុនពីរឆ្នាំ នៃការបោះឆ្នោត​ប្រធានាធិបតី​ត្រូវធ្វើ​ឡើង៕