(ប៉េកាំង)៖ ក្រុមហ៊ុនផលិត​យន្ដហោះអាមេរិក Boeing នឹងប្រគល់យន្ដហោះ​គ្រឿងទី ២,០០០ របស់ខ្លួនទៅឱ្យប្រទេសចិន​ ក្នុងអនាគតដ៏​ខ្លីខាងមុខនេះ ក្រោយ​ការបញ្ជាទិញ​ពីក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ប្រទេសចិន។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការលើកឡើង​ខាងលើរបស់​ក្រុមហ៊ុនយន្ដហោះ Boeing ធ្វើឡើងនៅឯពិព័រណ៍​យន្ដហោះ និងអាកាសចរណ៍អន្តរជាតិចិន​លើកទី ១២ ក្នុងទីក្រុង ជូហៃ (Zhuhai) នៃខេត្ត ក្វាងទុង (Guangdong) នៅថ្ងៃអង្គារសប្ដាហ៍​នេះ។ ជាមួយគ្នានោះ អនុប្រធានក្រុមហ៊ុន Boeing ប្រចាំ​តំបន់អាស៊ី ភាគឦសាន លោក រីក អាន់ដឺសុន (Rick Anderson) ក៏បានឱ្យដឹងដែរថា Boeing បានប្រគល់យន្ដហោះ ១៥៣គ្រឿង ឱ្យក្រុមហ៊ុន​អាកាសចរណ៍ ចិនក្នុងរយៈពេល​បីត្រីមាសដំបូងក្នុង​ឆ្នាំ២០១៨។ លោក បានបន្ថែមថា ចំនួនប្រគល់យន្ដហោះឱ្យចិន​បានកើនលើស ១៤០គ្រឿង អំឡុង ០៦ឆ្នាំជាប់គ្នា ដោយសារតែ​ការបញ្ជាទិញ​របស់ចិន។

គួរជម្រាបថា ចិនបាន​បញ្ជា Boeing 707 ចំនួន១០គ្រឿង កាលពីឆ្នាំ១៩៧២ ដែលនេះគឺជា​ការចាប់ផ្ដើមនៃ​វត្តមាន របស់​ក្រុមហ៊ុនអាមេរិកមួយនេះ នៅក្នុងប្រទេសចិន។ ចំណែកឯ​យន្ដហោះ Boeing ទី១,០០០ ត្រូវបានប្រគល់ឱ្យចិន​កាលពីខែមីនា ឆ្នាំ២០១៣ ហើយនេះបាន​ធ្វើឱ្យចិនក្លាយជាប្រទេស ដែលទទួលបាន​យន្ដហោះ ១,០០០គ្រឿងដំបូងគេពី Boeing ក្រៅពី​សហរដ្ឋអាមេរិក៕