(បាងកក)៖ គណៈរដ្ឋមន្ត្រីថៃនៅ​ថ្ងៃអង្គារ​សប្ដាហ៍នេះ បានសម្រចចិត្ត​អនុញ្ញាតហើយ លើការមិនយកថ្លៃទិដ្ឋាការ​ចូលប្រទេសថៃ សម្រាប់ភ្ញៀវទេសចរ​មកពីប្រទេសចំនួន ២១ ក្នុងរយៈពេល ០២ខែ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ ​មកកាន់ប្រទេសអាស៊ាន​មួយនេះ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាមអ្នកនាំ​ពាក្យរដ្ឋាភិបាល​ថៃ លោក ប៊ូដឌីផុងសេ ផាន់ណាកាន់តា (Buddhipongse Punnakanta) គណៈរដ្ឋមន្ត្រី​បានយល់ព្រម​អនុម័តលើ
សេចក្ដីព្រាងរបស់​ក្រសួងពាក់ព័ន្ធ ក្នុងការមិនថ្លៃទិដ្ឋាការ​ចូលប្រទេសថៃ ដែលមានតម្លៃ ​២,០០០បាត ចាប់ពីថ្ងៃទី០១ ខែធ្នូ រហូត​ដល់ថ្ងៃទី៣១ ខែមករា សម្រាប់ភ្ញៀវទេសចរ​ស្នាក់នៅមិន​លើសពី ១៥ថ្ងៃ។

ចំណែកឯ​ប្រទេសទាំង ២១ ដែលមិនត្រូវបង់ថ្លៃ​ទិដ្ឋាការនេះមានដូចជាប្រទេស អង់ដូរ៉ា ប៊ុលហ្ការី ប៊ូតាន់ ចិន សៃប្រឹស អេត្យូពី ហ្វីជី ឥណ្ឌា កាហ្សាក់ស្ថាន លីតតូនី លីតទុយអានី ម៉ាល់ឌីវ ម៉ាល់តា ម៉ូរីទីយូស ប៉ាពួរញូហ្គីណេ រូម៉ានី សាន់ ម៉ារីណូ អារ៉ាប៊ីសាអូឌីត កោះតៃវ៉ាន់ អ៊ុយក្រែន និងអ៊ូបេគីស្ថាន។

គួរបញ្ជាក់ថា ការមិនយកថ្ងៃទិដ្ឋាការចូលប្រទេសថៃនេះ ធ្វើឡើងក្នុងគោលបំណង​សម្រេចឱ្យបាននូវគោលដៅ​បង្កើនចំនួន ភ្ញៀវទេសចរណ៍ឱ្យបាន ៣០ភាគរយ៕