(សេអ៊ូល)៖ ក្រុមហ៊ុនផលិតរថយន្ត​កំពូលៗទាំងពីរ​ប្រចាំ​កូរ៉េខាងត្បូង គឺ Hyundai និង Kia បានប្រកាសឲ្យ​ដឹងពីគម្រោងវិនិយោគក្នុងទឹកប្រាក់​​ទំហំ ២៥០លានដុល្លារ ទៅលើក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនផ្តល់​សេវាកម្មធ្វើដំណើរ ឈាន​មុខគេបង្អស់​នៅតំបន់អាស៉ីអាគ្នេយ៍​។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

​Hyundai Motor និង Kia Motors ដែលស្ថិតក្រោម​សម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group ដែលធំជាងគេទីពីរនៅកូរ៉េខាងត្បូង បាន​សម្រេចចាប់​ដៃគូជាមួយ​ក្រុមហ៊ុន Grab ដើម្បីដំណើរការសាកល្បង​នូវ​គម្រោងរថយន្តដើរដោយថាមពល​អគ្គិសនី ហៅថា EV នៅ​​ក្នុងតំបន់​អាស៉ីអាគ្នេយ៍។

ជាជំហ៊ានដំបូងនៃភាព​ជាដៃគូនេះ ដែលមានគោលដៅបង្កើន​ការងាកទៅរក​ក៏ដូចជាការយល់ដឹងពី EV នៅអាស៉ី​អាគ្នេយ៍ Hyundai បានគ្រោង​នឹងផ្គត់ផ្គង់​រថយន្ត EV ប្រមាណ ២០០គ្រឿង ដើម្បីឲ្យ​ក្រុមហ៊ុន Grab ចាប់ផ្តើមផ្តល់សេវា​កម្ម​ធ្វើដំណើរ​​​នៅប្រទេស​សិង្ហបុរី ក្នុងឆ្នាំ២០១៩។

ជុំវិញគម្រោង​វិនិយោគនេះ សម្ព័ន្ធ​ក្រុមហ៊ុន Hyundai Motor Group បានលើក​ឡើងថា អាស៉ីអាគ្នេយ៍ គឺជាទីផ្សា​កំពុងរីកលូតលាស់​យ៉ាងធំ​មួយសម្រាប់ EV ខណៈក្រុមហ៊ុន Grab ដែលមានភាពពេញ​និយមនៅក្នុងតំបន់ និងអតិថិជនច្រើនថែមទៀតនោះ គឺជាដៃគូ​​​ដ៏មានតម្លៃ ដែលនឹងជួយ​ដល់​ការងាកទៅប្រើប្រាស់រថយន្ត​អេឡិចត្រូនិច​នៅ​អាស៉ីអាគ្នេយ៍៕