(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋមន្ត្រីអ៉ីស្រាអែល​ទទួលបន្ទុកកិច្ចការទីក្រុង​ហ្សេរុយសាឡឹម លោក ហ្សេអេវ អ៊ែកឃីន (Ze'ev Elkin) បាននិយាយថា ការបញ្ជូន​ប្រព័ន្ធមីស៉ីលការពារ​ដែនអាកាស S-300 ឱ្យប្រទេសស៉ីរី គឺជាកំហុស​មួយដ៏ធំហើយថា​អ៉ីស្រាអែល​បាន​ត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ទេចប្រព័ន្ធ​មីស៉ីលមួយនេះ នៅក្នុងករណីដែល​យន្ដហោះ​អ៉ីស្រាអែល​ត្រូវបានបាញ់ទម្លាក់​ នៅក្នុងដែនអាកាស​របស់ខ្លួន៕

២៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានសម្រេច​ដាក់ទណ្ឌកម្ម​ជាផ្លូវការឡើងវិញទៅលើប្រទេសអ៊ីរ៉ង់ ដោយក្នុងនោះក្រុមហ៊ុននានា និងបុគ្គលមួយចំនួន ត្រូវបានកត់បញ្ចូលក្នុងបញ្ជីខ្មៅ។ សម្រាប់ទង្វើបែបនេះ គឺសហរដ្ឋអាមេរិក​​មានគោលដៅ​ធ្វើឲ្យសេដ្ឋកិច្ច​អ៊ីរ៉ង់ជួបប្រទះ​បញ្ហាធំ និងឈានទៅដល់​ការផ្លាស់ប្តូរឥរិយាបថ​នៃមេដឹកនាំ​របស់ប្រទេស​អ៊ីស្លាមមួយនេះ ទៅតាមសហរដ្ឋអាមេរិក​ចង់បាន៕

៣៖ ​ក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង នឹងបំពេញទស្សនកិច្ចនៅទីក្រុងញូយ៉ក នាសប្តាហ៍នេះ ខណៈរដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងបើកកិច្ចទទួលស្វាគមន៍មួយជាផ្លូវការ ចំពោះ​គណប្រតិភូកូរ៉េខាងជើង នៅឯទីក្រុងញូយ៉ក​នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះផងដែរ៕

៤៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា អឺរ៉ុបគួរតែបង្កើតកងទ័ព​អឺរ៉ុបពិតប្រាកដមួយដើម្បី ប្រឈមមុខ​ជាមួយរុស្ស៊ី ដែលស្ថិតនៅជិតរបងផ្ទះអឺរ៉ុប​ស្រាប់ ហើយអាចនឹងក្លាយ​ជាការគំរាមកំហែង​នៅថ្ងៃណាមួយ៕

៥៖ បុរសអូស្រ្ដាលីម្នាក់​មានអាយុ ៣៣ឆ្នាំ ត្រូវបានត្រីឆ្លាម​មួយក្បាលសម្លាប់នៅ​ល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីរូបគេ​បាន ហែលចេញពីទូកកម្សាន្ត​មួយគ្រឿងនៅ​ក្បែរឆ្នេរ ស៊ីដហាប៊ឺ (Cid Harbor) នៃ​កោះ វីតសាន់ដេ (Whitsunday) ស្ថិតក្នុងតំបន់​ឧទ្យានថ្មប៉ប្រះ​ទឹក ហ្គ្រែតបារៀរីហ្វ (Great Barrier Reef)៕

៦៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Facebook បានសម្រេចលុប​ចោលគណនីចំនួន៣០ នៅលើវែបសាយ​របស់​ខ្លួន និង​៨៥គណនីទៀតនៅលើវែបសាយ Instagram ដែលអាចមានជាប់ពាក់ព័ន្ធជាមួយបរទេស៕