(វ៉ាស៉ីនតោន)៖ ប្រជាជនអាមេរិកបានចាប់ផ្ដើមធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតជាបណ្ដើរៗហើយ នៅតាមរដ្ឋមួយចំនួន ដើម្បីចូលរួមក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ ដែលត្រូវបានគេមើលឃើញថាហាក់ដូចជាការបោះឆ្នោតប្រជាមតិមួយ លើ ភាពជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រជាជនអាមេរិកដែលមានសិទ្ធិបោះឆ្នោតនឹងសម្រេចថាតើគណបក្សប្រជាធិបតេយ្យ ឬក៏គណបក្សសាធារណរដ្ឋ ជាអ្នកគ្រប់គ្រង សភាទាំងពីររបស់សហរដ្ឋអាមេរិក ខណៈការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋក៏កំពុងចាប់ផ្ដើមធ្វើឡើងផងដែរ។ ចំណែកឯ ការិយាល័យបោះឆ្នោតនៅតាមរដ្ឋនៃឆ្នេរភាគខាងកើតដូចជារដ្ឋ Maine, New Hampshire, New Jersey, New York និង Virginia បានចាប់ផ្ដើមបើកទ្វារហើយ ជាមួយការរំពឹងថាចំនួនអ្នកចូលរួមបោះឆ្នោតនឹងមានអាត្រាខ្ពស់។

សូមជម្រាបថា ប្រជាជនអាមេរិក នឹងត្រូវបោះឆ្នោតជ្រើសសមាជិកសភាទាំង៤៣៥រូប និងសមាជិកព្រឹទ្ធសភា៣០រូប ក្នុងចំណោម ១០០នាក់ រីឯអភិបាលរដ្ឋនឹងត្រូវបានជ្រើសរើសក្នុងរដ្ឋ៣៦ នៃរដ្ឋចំនួន៥០៕