(អង់ការ៉ា)៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានសម្រេច​ដាក់ទណ្ឌកម្ម​ជាផ្លូវការឡើងវិញទៅលើប្រទេសអ៊ីរ៉ង់ ដោយក្នុងនោះក្រុមហ៊ុននានា និងបុគ្គលមួយចំនួន ត្រូវបានកត់បញ្ចូលក្នុងបញ្ជីខ្មៅ។ សម្រាប់ទង្វើបែបនេះ គឺសហរដ្ឋអាមេរិក​​មានគោលដៅ​ធ្វើឲ្យសេដ្ឋកិច្ច​អ៊ីរ៉ង់ជួបប្រទះ​បញ្ហាធំ និងឈានទៅដល់​ការផ្លាស់ប្តូរឥរិយាបថ​នៃមេដឹកនាំ​របស់ប្រទេស​អ៊ីស្លាមមួយនេះ ទៅតាមសហរដ្ឋអាមេរិក​ចង់បាន។ នេះបើតាមការ​ចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជុំវិញបញ្ហានេះ បណ្តាប្រទេសធំៗ​ជាច្រើនបានបង្ហាញការជំទាស់ ទាំងប្រទេស​​ដែលមាន​ទំនោរប្រឆាំង​អាមេរិកផង និងសម្ព័ន្ធមិត្តធំៗ​របស់អាមេរិកផង តួយ៉ាងដូចជា សហភាពអឺរ៉ុប និងបណ្តាប្រទេស​អាស៊ីមួយចំនួនទៀត ព្រោះប្រទេសអ៊ីរ៉ង់គឺ​ជាអ្នក​ផ្គត់​ផ្គង់ប្រេងដ៏​សំខាន់លើលោក និងជាប្រទេសដ៏​មានឥទ្ធិពល​ខ្លាំងមួយ​ នៅក្នុងតំបន់​មជ្ឈិមបូព៌ា​ផងដែរ។ ដោយយោង​លើទស្សនវិស័យ​នេះហើយ ទើបប្រទេស​តួកគីបាន​ចេញមុខបន្ថែមទៀត ក្នុងការព្រមាន​សហរដ្ឋអាមេរិក​ទុកជាមុន អំពីវិបត្តិធំៗ​ដែលនឹង​កើតឡើង។

លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រី​ការបរទេសតួកគី​បានថ្លែងនៅ​ថ្ងៃអង្គារ​​នេះថា «គ្មានលទ្ធផល​អ្វីឡើយ ដែលនឹងត្រូវ​ទទួល​បាន​ពីការទណ្ឌកម្មរបស់​អាមេរិក​ ទៅលើប្រទេស​​អ៊ីរ៉ង់នោះ...។ ផ្ទុយទៅវិញមិនមែន​ត្រឹមតែប្រទេសជិតខាងអ៊ីរ៉ង់​ប៉ុណ្ណោះទេដែល​ទទួលរងគ្រោះ សូម្បីតែបណ្តាប្រទេស​ជាច្រើនទៀត​ក្នុងតំបន់ ក៏នឹង​ត្រូវ​រងទុក្ខដោយសារតែទណ្ឌកម្ម​ជាឯកតោភាគី ពីសំណាក់សហរដ្ឋអាមេរិក​លើអ៊ីរ៉ងនេះ​ដែរ»

គួរបញ្ជាក់ថា ប្រទេសតួកគី​បានលើកទឹកចិត្ត និងជម្រុញឲ្យ​សហរដ្ឋអាមេរិក​បើកកិច្ច​ពិភាក្សាចរចា​ប្រកបដោយអត្ថន័យ​ជាមួយនិងអ៊ីរ៉ង់​ឡើងវិញ ដើម្បីដោះស្រាយ​បញ្ហា​ទាំងអស់ជាជាង​ការលេងល្បែង​ទណ្ឌកម្ម។ បន្ថែមពីនេះ​តួកគីបានសង្កត់ធ្ងន់ថា ទណ្ឌកម្មពី​សហរដ្ឋអាមេរិក នឹងគ្មានលទ្ធផល​អ្វីឡើយ ក្រៅតែពីការធ្វើទុក្ខបុកម្នេញ​ដល់​ប្រជាជនអ៊ីរ៉ង់ ដែលនឹងក្លាយ​ជាជនរងគ្រោះយ៉ាង​ពិតប្រាកដ៕