​(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា អឺរ៉ុបគួរតែបង្កើតកងទ័ព​អឺរ៉ុបពិតប្រាកដមួយ ដើម្បីប្រឈមមុខ​ជាមួយរុស្ស៊ី ដែលស្ថិតនៅជិតរបងផ្ទះអឺរ៉ុប​ស្រាប់ ហើយអាចនឹងក្លាយ​ជាការគំរាមកំហែង​នៅថ្ងៃណាមួយ។ នេះ បើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការលើកឡើងបែបនេះ​របស់លោក ម៉ាក្រុង ធ្វើឡើងនៅក្នុងកិច្ច​សម្ភាសន៍ជា​មួយវិទ្យុ Europe 1 នៅថ្ងៃចន្ទ​សប្ដាហ៍នេះ។ នាឱកាសនោះប្រធានាធិបតីបារាំងរូបនេះ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងមិនអាច​ការពារអឺរ៉ុបទាំងមូលបាន​ឡើយ បើសិន​ជាយើង​មិនសម្រេចចិត្ត​ បង្កើតកងទ័ពអឺរ៉ុបដ៏ពិតប្រាកដ​មួយ... ម្យ៉ាងវិញ​ទៀត ប្រឈមមុខជា​មួយរុស្ស៊ី ដែលមានព្រំដែនជាប់អឺរ៉ុប និងអាចក្លាយជា​ការគំរាមកំហែង​នៅថ្ងៃណាមួយ... យើងត្រូវតែធ្វើយ៉ាង​ណាឱ្យ​អឺរ៉ុបមានភាពសមត្ថភាព​ការពារផលប្រយោជន៍​ខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកតែលើ​សហរដ្ឋអាមេរិក»

ក៏ប៉ុន្តែ​នៅក្នុងកិច្ចសម្ភាសន៍​នោះ លោក ម៉ាក្រុង ក៏បានសង្កត់​ធ្ងន់ដែរថា អឺរ៉ុបគួរ​តែពង្រឹង​សមត្ថភាពការពារ​ខ្លួនពីចិន រុស្ស៊ី រួមទាំង សហរដ្ឋអាមេរិក​ផងដែរ ដោយលោក​យល់ថា ការព្រមានដក​សហរដ្ឋអាមេរិកចេញពី​កិច្ចព្រមព្រៀង​អាវុធនុយក្លេអ៊ែរ INF ជាមួយ​ទីក្រុងម៉ូស្គូពីសំណាក់​លោក ដូណាល់​ ត្រំា អាចនឹងធ្វើឱ្យ​ប៉ះពាល់ដល់​សន្តិសុខ​អឺរ៉ុប។

គួរជម្រាបថា គំនិតបង្កើតកងទ័ពអឺរ៉ុប​ត្រូវបានថ្នាក់ដឹកនាំអឺរ៉ុប​ជាច្រើន លើក​ឡើងតាំងតែពី លោក ដូណាល់ ត្រាំ បង្ខំឱ្យបណ្ដាប្រទេសជាសមាជិក​អង្គការណាតូ បង្កើនកញ្ចប់ថវិកាយោធា​របស់ខ្លួនមកម្ល៉េះ ហើយគំនិតនេះ​រឹតតែផុលផុស​ឡើងថែមទៀត ក្រោយក្រុមមន្ត្រី អាមេរិកក្រើនរំលឹកឱ្យអឺរ៉ុប ពង្រឹងសមត្ថភាពយោធា​របស់ខ្លួនឱ្យកាន់តែ​ខ្លាំង ព្រោះសហរដ្ឋអាមេរិក​មិនអាច​ការពារអឺរ៉ុប ក្នុងពេល​ប្រឈមមុខ​ជាមួយរុស្ស៊ី និងចិន​ផងនោះទេ៕