(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង នឹងបំពេញទស្សនកិច្ចនៅទីក្រុងញូយ៉ក នាសប្តាហ៍នេះ ខណៈរដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងបើកកិច្ចទទួលស្វាគមន៍មួយជាផ្លូវការ ចំពោះ​គណប្រតិភូកូរ៉េខាងជើង នៅឯទីក្រុងញូយ៉ក​នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះផងដែរ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅ​រសៀល​ថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមអ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បានឲ្យដឹងថា លោក Pompeo នឹងទទួលជួប​លោក គីម យ៉ុងចុល (Kim Yong Chol) ដែលជាអនុ​​ប្រធាន​គណៈកម្មាធិការមជ្ឈិមបក្សកាន់អំណាច​កូរ៉េខាងជើង។ ប្រធានបទ​នៃ​​កិច្ចប្រជុំ​ដែលជាលើក​ទីពីររវាង លោក Pompeo និង​លោក Kim Yong Chol នេះ នឹងពាក់ព័ន្ធ​លើវឌ្ឍនភាព​ជុំវិញ​សសរស្តម្ភទាំង ៤ ​នៃ​សេចក្តី​ថ្លែងការណ៍​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​​អាមេរិក​-​កូរ៉េខាងជើង នៅ​ឯ​​ប្រទេស​​សិង្ហបុរី។

គួរជម្រាបថា ចាប់តាំងពីជំនួបលើក​ដំបូងរវាង​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ​កិច្ចចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ហាក់កំពុងមាន​ការជាប់គាំង​ដោយសារតែការខ្វែង​គំនិតគ្នា ជុំវិញ​ទំហំ​​នៃការរំសាយ​អាវុធនុយក្លេអ៊ែរ ការដាក់ទណ្ឌកម្ម​របស់អាមេរិក និងការសម្រេចថា​ តើគួរតែចេញសេចក្តី​ប្រកាសបញ្ចប់សង្រ្គាម​ជាផ្លូវការនៅឧបទ្វីប​កូរ៉េដែរ ឬយ៉ាងណា៕​