(តែលអាវីវ)៖ រដ្ឋមន្ត្រីអ៉ីស្រាអែល​ទទួលបន្ទុកកិច្ចការទីក្រុង​ហ្សេរុយសាឡឹម លោក ហ្សេអេវ អ៊ែកឃីន (Ze'ev Elkin) បាននិយាយថា ការបញ្ជូន​ប្រព័ន្ធមីស៉ីលការពារ​ដែនអាកាស S-300 ឱ្យប្រទេសស៉ីរី គឺជាកំហុស​មួយដ៏ធំហើយថា​អ៉ីស្រាអែល​បាន​ត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ទេចប្រព័ន្ធ​មីស៉ីលមួយនេះ នៅក្នុងករណីដែល​យន្ដហោះ​អ៉ីស្រាអែល​ត្រូវបានបាញ់ទម្លាក់​ នៅក្នុងដែនអាកាស​របស់ខ្លួន។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Ze'ev Elkin ដែលជា​សហប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអ៉ីស្រាអែល-​រុស្ស៊ី​ដែរនោះ ធ្វើការកត់សម្គាល់​ដូចខាងលើ នៅក្នុងសន្និសីទ​សារព័ត៌មានមួយនៅ​ថ្ងៃចន្ទសប្ដាហ៍នេះ។ លោក Elkin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបាន​ចាត់ទុកថា ការបញ្ជូន S-300​ ឱ្យស៉ីរីគឺជា​កំហុសមួយ​ដ៏ធំ... ហើយបើសិនជា​ប្រព័ន្ធមីស៉ីលនេះ​ ត្រូវបានគេប្រើប្រាស់​ដើម្បីបាញ់ទម្លា​ក់យន្ដហោះ​យោធា ឬយន្ដហោះ​ពាណិជ្ជកម្មរបស់អ៉ីស្រាអែល នោះយើងនឹង​បើកការវាយប្រហារ​កម្ទេច S-300 នេះចោលតែម្តង»។

គួរជម្រាបថា ប្រព័ន្ធ​មីស៉ីល S-300 ត្រូវបានបញ្ជូនទៅកាន់​ប្រទេសស៉ីរី ក្រោយប្រព័ន្ធ​មីស៉ីល S-200 បានបាញ់ទម្លាក់​យន្ដហោះ យោធារុស្ស៊ី Il-20 មួយគ្រឿង អំឡុងពេលបាញ់​ប្រហារ​លើយន្ដហោះចម្បំាងអ៉ីស្រាអែល F-16 ចំនួន ០៤គ្រឿង។ ក៏ប៉ុន្តែ​ទីក្រុងម៉ូស្គូ​អះអាងថា យន្ដហោះចម្បាំង​អ៉ីស្រាអែលបាន​ប្រើប្រាស់យន្ដហោះ​យោធារុស្ស៊ី ដើម្បីគេចពីការ​វាយប្រហារ ដែលបានផ្ដាច់ជីវិតយោធា​រុស្ស៊ី ១៥នាក់ រីឯ S-300 ត្រូវបានប្រគល់​ឱ្យស៉ីរីទាំងស្រុង​នៅ​ថ្ងៃទី០២ ខែតុលា៕