(វ៉ាស៉ីនតោន)៖ ការស្ទង់មតិថ្មី​មួយបាន​បង្ហាញថា ប្រជាជនអាមេរិកតែជាង ៥១ភាគរយ​ប៉ុណ្ណោះបាននិយាយថា ពួកគេមានទំនុក​ចិត្តលើប្រព័ន្ធប្រជាធិបតេយ្យ​អាមេរិក ខណៈប្រជាជន​មួយចំនួនទៀតយល់ថា ពួកគេបានបាត់បង់​ទំនុកចិត្តលើប្រព័ន្ធបោះឆ្នោត​បច្ចុប្បន្ន ដោយសារតែព្យុះភ្លៀង​នយោបាយ​ផ្ទុះឡើង ក្រោយការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​ កាលពីឆ្នាំ២០១៦។ នេះបើ​តាមការ ចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការស្ទង់មតិខាង​លើធ្វើឡើងដោយ​គេហទំព័រ Axios ចេញផ្សាយ​កាលពីថ្ងៃចន្ទ និងមួយថ្ងៃមុននឹង​ការបោះឆ្នោត​សភាអាមេរិក ពាក់​កណ្ដាលអាណត្តិត្រូវធ្វើ​ឡើងនៅថ្ងៃអង្គារនេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក)។ ការស្ទង់មតិ​ដដែលបានឱ្យដឹងទៀតថា ប្រជាជន អាមេរិក ៣៧ភាគរយ​ផ្សេងទៀតត្រូវ​បានសម្ភាសន៍ ហើយដែលក្នុង​ចំណោមពួកគេ​មាន ៤៩ភាគរយ​ ជាស្ត្រីអាមេរិក​មានដើម​កំណើតអាហ្វ្រិក និង ៤០ភាគរយ ជាយុវជន បាន​និយាយថា ពួកគេបានបាត់បង់​ទំនុកចិត្ត​ ខណៈ០៩ភាគរយទៀតថា មិនដែលជឿទុកចិត្ត​ទាល់តែសោះ​ លើប្រព័ន្ធប្រជាធិបតេយ្យ​អាមេរិក​បច្ចុប្បន្ន។

គួរជម្រាបថា ការស្ទង់មតិរបស់​គេហទំព័រ Axios ធ្វើឡើងតាមរយៈ​ការសម្ភាសន៍ប្រជាជន​អាមេរិក ៣,៩១៣នាក់ មានអាយុ ១៨ឆ្នាំឡើង នៅចន្លោះ​ពីថ្ងៃទី១៩ ខែតុលា រហូត​ដល់ថ្ងៃទី២៤ ខែតុលា។ ការធ្វើនេះ គឺស្ថិតនៅចំពោះ​មុខការបោះឆ្នោតសភា​ពាក់​កណ្តាល​អាណត្តិនៅ​អាមេរិក ដែលគណបក្សទាំងពីរកំពុងតែប្រឹងប្រែងយ៉ាងខ្លាំងក្នុងការក្រសោប​យក​សំឡេង​គាំទ្រ៕