(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៉ីន នាថ្ងៃចន្ទនេះ​បានឲ្យដឹងថា ប្រទេស​របស់លោក កំពុងត្រៀមរៀបចំ​​សម្រាប់​ដំណើរ​ទស្សនកិច្ចជាប្រវត្តិសាស្ត្រ​របស់ប្រមុខដឹកនាំ​កូរ៉េខាងជើង មកកាន់រដ្ឋធានី​សេអ៊ូល ដែលអាចនឹងកើត​មានឡើងនៅចុងឆ្នាំ២០១៨។ នេះបើតាមការ​​ដកស្រង់ការ​ផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៉ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

សម្តីរបស់​លោក មូន ត្រូវបានបង្ហើបឲ្យ​ដឹងដល់ក្រុមអ្នកសារព័ត៌មាន​ ដោយមន្រ្តីបក្ស​ប្រជាធិបតេយ្យ នៅក្រោយកិច្ចប្រជុំ​រវាងលោក​ មូន ជែអ៉ីន និងបណ្តាថ្នាក់ដឹកនាំ​គណបក្សនយោបាយ​សំខាន់ៗទាំង ០៥ រួមមាន​ទាំង​បក្សប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាច​និង​បក្ស​អភិរក្ស​និយម​សេរី​កូរ៉េ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង។

នាឱកាសនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ថា​ ទីក្រុងសេអ៊ូល កំពុងត្រៀមរៀបចំ​សម្រាប់​ដំណើរទស្សនកិច្ចរបស់​ លោក គីម ជុងអ៊ុន ដែលត្រូវបានអះអាងថា នឹងប្រព្រឹត្តទៅចុងឆ្នាំនេះ។ ទោះជាបែបនេះក្តី វាដូចជាឆាប់ពេក​ក្នុងការសន្និដ្ឋាន​ថា ​ដំណើរទស្សន​កិច្ច​តបស្នងមកវិញនេះ​របស់​លោក គីម នឹងកើតមានឡើង​តាមការគ្រោង​ទុក។

គួរជម្រាបថា ​ក្នុងជំនួបចុងក្រោយ​បំផុតរវាងលោក មូន និង លោក គីម នៅព្យុងយ៉ាង កាលពីខែកញ្ញាកន្លង​ទៅ លោក គីម ជុងអ៊ុន ​បានសន្យាថានឹងមកទស្សនកិច្ចនៅសេអ៊ូល​វិញ ដើម្បីតបស្នងសម្រាប់​ការធ្វើទស្សនកិច្ច​របស់ លោក មូន ជែអ៉ីន នៅឯរដ្ឋធានី​របស់​កូរ៉េខាងជើង៕