(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានអះអាងថា កញ្ចប់ទណ្ឌកម្ម​ធំបំផុតមិនធ្លាប់មាន ដែល​នឹង​ត្រូវ​ទម្លាក់​​​លើ​​​​ទីក្រុង​​តេហេរ៉ង់​នាថ្ងៃចន្ទដើម​សប្តាហ៍នេះ នឹងអាចកែប្រែ​អាកប្បកិរិយារបស់មេដឹកនាំ​អ៉ីរ៉ង់បាន។ នេះ​បើ​តាម​ការ​ដក​​ស្រង់​ការ​ផ្សាយ​​ចេញ​ពី​​សារ​ព័ត៌​មាន​រុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ​ជាមួយសារព័ត៌មាន​អាមេរិក Fox News លោក Pompeo បានបង្ហាញភាព​ជឿជាក់ថា កញ្ចប់ទណ្ឌកម្ម​​ដែល​នឹង​ចូលជាធរមាន​នៅថ្ងៃទី០៥ ខែវិច្ឆិកានេះ នឹងផ្លាស់ប្តូរគោលនយោបាយ​នៃប្រទេសអ៉ីរ៉ង់ ទោះបីជា​ក្រុមមន្រ្តី​ក្នុងស្រុកមួយ​ចំនួន និង​អន្តរ​ជាតិពុំ​មានទំនុកចិត្តលើមធ្យោបាយ​នាពេលកន្លងមក​របស់រដ្ឋបាល​អាមេរិកសព្វថ្ងៃ​ក៏ដោយ។

ជុំវិញការដាក់​ទណ្ឌកម្មនេះ លោករដ្ឋមន្រ្តីការបរទេស​អាមេរិក ក៏បានលើកឡើងពាក់ព័ន្ធ​ការសម្រេចចិត្តរបស់​អាមេរិក ក្នុងការផ្តល់​ការ​​លើកលែងឲ្យ​ប្រទេសចំនួន ០៨ អាចនាំចូលប្រេង​ពីអ៉ីរ៉ង់ផងដែរ។ ទោះ​លោក Pompeo មិនបញ្ជាក់​ឈ្មោះប្រទេសចំៗ​ក៏ដោយ លោក​បានគូស​បញ្ជាក់ថា បណ្តាប្រទេស​ជាសមាជិក​សហភាពអឺរ៉ុប ដែលបានរិះគន់ក៏ដូចជាថ្កោល​ទៅ​អាមេរិក ជុំវិញការ​ដាក់​​ទណ្ឌ​កម្ម​​​ឡើងវិញ​លើទីក្រុងតេហេរ៉ង់ នឹងពុំទទួល​បានការអនុញ្ញាត​ឲ្យទិញប្រេងពីអ៉ីរ៉ង់​ឡើយ។

គួរជម្រាបថា កញ្ចប់ទណ្ឌកម្ម​ខាងលើ នឹងប៉ះពាល់លើវិស័យដឹក​ជញ្ជូនតាមកប៉ាល់ វិស័យហិរញ្ញវត្ថុ និងវិស័យថាមពល​​អ៉ីរ៉ង់៕