(វ៉ាស៊ីនតោន)៖ ខណៈដែល​ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងតែបន្តការវាយប្រហារ​ទៅលើ​ប្រទេស​យ៉េមែន ដោយគ្មានខ្វល់នឹងការអំពាវនាវពី​សហរដ្ឋអាមេរិកនោះ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ក៏បានចេញមុខ​រិះគន់ជាថ្មីបន្ថែមទៀត ដោយអះអាងថា ប្រទេស​មជ្ឈិមបូព៌ា​មួយនេះ កំពុងតែប្រើប្រាស់​អាវុធដែលបានទិញពី​សហរដ្ឋអាមេរិក ទៅប្រើប្រាស់​ដោយខ្វះជំនាញ​ពិតប្រាកដ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃចន្ទ​ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ងាកទៅមើលកាលពីថ្ងៃទី០៩ ខែសីហា កន្លងទៅនេះ ក្រុមចំរុះរបស់​អារ៉ាប៊ីសាអូឌីត​បានដឹកនាំការ​វាយប្រហារ​មួយ ទៅលើតំបន់​សាអាដា (Saada) របស់ប្រទេស​​យ៉េមែន ដែលស្ថិតនៅ​ខេត្តភាគខាងជើង ដោយក្នុងនោះ​វាបានធ្លោយទៅចំលើរថយន្ត​ក្រុងដឹក​ក្មេងៗសិស្សសាលា​មួយគ្រឿង និងបានផ្តាច់ជីវិត​មនុស្សជាង ៥០នាក់ ដែលភា​គច្រើន​គឺជាក្មេងៗសិស្ស​សាលានោះតែម្តង។

ក្រោយការវាយប្រហារ​ខាងលើនេះ ក្រុមការពារ​សិទ្ធិមនុស្ស សិទ្ធិកុមារ និងអ្នកឃ្លាំមើល​សិទ្ធិមនុស្សនានា​បានធ្វើការរិះគន់យ៉ាងខ្លាំង ប៉ុន្តែអារ៉ាប៊ីសាអូឌីត​​មិនបានទទួលការព្រមាន ឬដាក់សម្ពាធ​ណាមួយពីអន្តរជាតិនោះ​ឡើយ។ រំលងមកប៉ុន្មាន​ខែមកនេះ លោក ដូណាល់ ត្រាំ បែរជាចង់រំលឹក​រឿងនេះឡើងវិញ និងបានហៅទង្វើ​ដែល​អារ៉ាប៊ីសាអូឌីត បានប្រព្រឹត្តក្នុង​សង្គ្រាមនៅយ៉េមែន​នោះថា «ជាការប្រើប្រាស់​អាវុធទិញពីសហរដ្ឋអាមេរិក ដោយខ្វះជំនាញទៅវិញ...»

ក្នុងបទ​សម្ភាសន៍មួយ ដែលទើបត្រូវបានចេញ​ផ្សាយនៅថ្ងៃចន្ទ នេះបានដកស្រង់​​សម្តីលោក ដូណាល់ ត្រាំ យ៉ាង​ដូច្នេះថា «ខ្ញុំគិតថា វាគឺជាស្ថានភាព​ដ៏អាក្រក់ខ្លាំង​ណាស់។ ខ្ញុំពិតជាស្អប់បំផុត​នៅពេលបានឃើញ ហេតុការណ៍​ដ៏អាក្រក់បែបនេះ​កើតឡើង​ទៅលើ​រថយន្តក្រុង និងកុមារ...។ វាពិតជាទិដ្ឋភាព​ដ៏គួរឲ្យភ័យខ្លាំង នៅក្នុងការបង្ហាញ​​ព្រឹត្តិការណ៍​ដែលបាន​កើតឡើងនោះ... វាពិតជាបង្ហាញ​ច្បាស់ថា ពួកគេទាំងនោះ​​មិនដឹងពីរបៀប​នៃការប្រើប្រាស់​អាវុធនោះឡើយ ដោយប្រការនេះពិតជាអាក្រក់​ណាស់...។»

គួរបញ្ជាក់ថា បើតាមសម្តី​របស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក​កំពុងតែសម្លឹង​មិន​ដាក់ភ្នែកនោះឡើយ​ចំពោះសង្គ្រាមនៅក្នុងប្រទេស​យ៉េមែន ហើយ​លោក ត្រាំ ហ៊ាន​អះអាងថា ប្រទេសនេះ​បច្ចុប្បន្នកំពុងក្លាយជាកន្លែង​ដែលអាក្រក់បំផុត​ នៅលើភពផែនដី​ទៅហើយ។ ដោយឡែក​សហរដ្ឋអាមេរិក ក៏មានរឿងជា​ច្រើនទៀត​ដែល​ត្រូវនិយាយ​ជាមួយ​អារ៉ាប៊ីសាអូឌីត​ផងដែរ៕