(ម៉ូស្គូ)៖ យន្ដហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-142 មួយគ្រឿង ត្រូវបានគេរាយការណ៍ថាបានហោះឆ្វែលពីលើនាវាចម្បាំងអាមេរិក មួយគ្រឿងដែលកំពុងចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយអង្គការណាតូ នៅឯឆ្នេរសមុទ្រនៃប្រទេសន័រវែស ដោយ បង្កឱ្យមានភាពចម្រូងចម្រាស់យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយ ខណៈទីក្រុងមូស្គូអះអាងថាវាគ្រាន់តែជាការហោះហើរធម្មតា ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

យន្ដហោះទម្លាក់គ្រាប់បែក Tu-142 បានបង្ហាញខ្លួនពីលើនាវាចម្បាំង USS Mount Whitney មកពីកងនាវាចម្បាំងអាមេរិក ទី០៦ ដែលកំពុងចូលរួមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់អង្គការណាតូឈ្មោះ Trident Juncture 18 ក្នុងប្រទេសន័រវែស។ ក៏ប៉ុន្តែជាសំណាងល្អ មិនមានការប៉ះទង្គិចគ្នាណាមួយកើតឡើងនោះទេ ស្របពេលសារព័ត៌មានជាច្រើននាំគ្នាព្រមានពីហានិភ័យ នៃសង្រ្គាមរវាងរុស្ស៊ី និងណាតូ នៅក្នុងករណីមានការប៉ះទង្គិចគ្នាកើតឡើងមែននោះ។

ចំណែកឯ យោធារុស្ស៊ី ក៏បានទទួលស្គាល់ដែរថាយន្ដហោះទម្លាក់គ្រាប់បែកប្រឆាំងនាមុជទឹកធុន Tu-142 ពីរគ្រឿង ពិតជាបាន ធ្វើការហោះហើរនៅក្នុងតំបន់ដែនទឹកនៃសមុទ្រន័រវែសកាលពីថ្ងៃសុក្រប្រាកដមែន ដោយយន្ដហោះទាំងពីរនេះបានចំណាយ ពេលហោះហើរ១២ម៉ោង និងត្រឡប់ទៅមូលដ្ឋានទ័ពអាកាសក្នុងតំបន់ Vologda ប្រទេសរុស្ស៊ីវិញដោយជោគជ័យ។

គួរបញ្ជាក់ថា សមយុទ្ធយោធា Trident Juncture 18 របស់អង្គការណាតូកំពុងប្រព្រឹត្តទៅក្នុងប្រទេសន័រវែស ដោយមានការចូល រួមពីកងទ័ព៥,០០០នាក់ រថក្រោះ និងរថពាសដែក១០,០០០គ្រឿង នាវាចម្បាំង៦៥គ្រឿង និងយន្ដហោះ២៥គ្រឿង៕