(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតបាននិងកំពុងព្យាយាមច្រានចោលព័ត៌មានដែលថា មុនពេលបងប្អូនស្រីជនជាតិអារ៉ាប៊ី​សាអូឌីត០២នាក់ ដែលត្រូវគេ​រក​ឃើញសាកសពនៅទីក្រុងញូយ៉កនោះ ខ្លួនបានបញ្ជា​អ្នកមានជាប់សាច់ឈាមជាមួយពួកនាងទាំងអស់ ឲ្យ​វិល​ត្រឡប់​មក​កាន់​អារ៉ាប៊ីសាអូឌីតវិញ ពី​ព្រោះអ្នកទាំងពីរ​បានស្នើសិទ្ធិជ្រកកោននយោបាយនៅអាមេរិក។ នេះ​បើ​តាមកការដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី​ស្ថានីយ​ទូរទស្សន៍ CNN នៅយប់​ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

នាង Rotana Farae អាយុ២៣ឆ្នាំ និង Tala Farea អាយុ១៦ឆ្នាំ ត្រូវបានគេរកឃើញសាកសពកាលពីថ្ងៃទី២៤ ខែតុលា នៅច្រាំង​ទន្លេ Hudson បន្ទាប់ពីក្រុមគ្រួសាររបស់អ្នកទាំងពីរបានឃើញពួកនាងជាលើកចុងក្រោយ តាំងតែពីជិតមួយឆ្នាំមុនម្ល៉េះ​ នៅឯរដ្ឋ Virginia។ ​​បើតាមអាជ្ញាធរអាមេរិកបងប្អូនស្រីពីរនាក់នេះ បានរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលពី០២ទៅ០៣ឆ្នាំ។

កាលពីដើមសប្តាហ៍នេះ សារព័ត៌មានអាមេរិក New York Times បានចុះផ្សាយថាស្ថានទូតអារ៉ាប៊ីសាអូឌីត នៅវ៉ាស៉ីនតោន បាន​​ទាក់​ទងទៅកាន់ម្តាយបងប្អូនស្រីទាំងពីរ ដើម្បីជូនដំណឹងថាកូនស្រីគាត់ បានស្នើសុំសិទ្ធិជ្រកកោននយោបាយនៅអាមេរិក។ ​​ក្រោយ​មក ក៏មានសេចក្តីរាយការណ៍ដទៃទៀតថា បុគ្គលជាម្តាយបានទទួលទូរស័ព្ទពី មន្រ្តីស្ថានទូតអារ៉ាប៊ីសាអូឌីតដែលបាន​បង្គាប់​​ឲ្យក្រុម​គ្រួសារ​នេះចាកចេញពីអាមេរិកវិញ ដោយសារតែកូនស្រីទាំងពីរ​របស់គាត់ បានធ្វើការសុំសិទ្ធិជ្រកកោននយោបាយ។ បើ​តាម​សេចក្តីរាយការណ៍របស់សារព័ត៌មាន Associated Press (AP) ដែលយោងលើប្រភពពីមន្រ្តីប៉ូលិស អ្នកម្តាយរូបនោះ បានប្រាប់​ក្រុម​អ្នកស៉ើបអង្កេតថា ការទូរស័ព្ទ​ពី​ស្ថានទូតអារ៉ាប៊ីសាអូឌីត បានកើតមានឡើង នៅមួយថ្ងៃមុនសាកសពនាង Rotana និង ​Tala ត្រូវ​បាន​គេរកឃើញ។

យ៉ាងណាមិញ នាពេលនេះ អ្នកនាំពាក្យស្ថានទូតអារ៉ាប៊ីសាអូឌីតនៅអាមេរិក បានចេញមុខទាត់ចោល​សេចក្តីរាយការណ៍នានា ដែល​ចោទប្រកាន់ថា អារ៉ាប៊ីសាអូឌីតបានបញ្ជាឲ្យបុគ្គលទាំងឡាយ ដែលជាប់សាច់ឈាមជាមួយ បងប្អូនស្រីអារ៉ាប៊ីសាអូឌីតទាំងពីរ​នាក់ចាកចេញពីសហរដ្ឋអាមេរិក ដោយសារតែការសុំសិទ្ធិជ្រកកោននយោបាយ។

គួរជម្រាបថា មកទល់ពេលនេះ ក្រុមអ្នកស៉ើបអង្កេតមិនទាន់អាចកំណត់មូលហេតុច្បាស់នៅទេថា តើបងប្អូនស្រីទាំងពីរនាក់នោះ​ បានបាត់បង់ជីវិត ដោយសារការសម្លាប់ខ្លួន គ្រោះថ្នាក់ចៃដន្យ ឬការអំពើឃាតកម្ម។ ជុំវិញការស្លាប់ដោយមានអាថ៌កំបាំង​របស់​ជនជាតិអារ៉ាប៊ីសាអូឌីតនៅឯក្រៅប្រទេសនេះផងដែរ ទីក្រុងរីយ៉ាដ មិនទាន់ទាំងរួចផុតពីការសង្ស័យថា ជាអ្នកនៅពីក្រោយខ្នង​នៃ​ការ​ធ្វើឃាតអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi ក្នុងប្រទេសតួកគី នៅឡើយផង៕