(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួង​ការបរទេសអ៉ីរ៉ង់ លោក បារ៉ាម កាស្សេមី (Bahram Qassemi) បានលើកឡើងថា ​កន្លងមកនេះ​ទីក្រុងវ៉ាស៉ីនតោន​បាន​ប្រើគ្រប់វិធី​សា្រស្រ្ត​រាប់មិនអស់ប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ រួមមានទាំង​ការចាយលុយយ៉ាង​ច្រើនសន្ធឹកសន្ធាប់​ ដើម្បី​ដាក់សម្ពាធលើ ​​ធនាគារ ក្រុមហ៊ុន និងស្ថាប័ន​អន្តរជាតិ ក្នុងគោលបំណង​រារាំងមិនឲ្យ​មានការទាក់ទងមុខ​ជំនួញជាមួយ​អ៉ីរ៉ង់ ប៉ុន្តែលោក​បានបញ្ជាក់​ថា ទីក្រុងតេហេរ៉ង់​គ្មានអ្វីត្រូវ​ព្រួយបារម្ភឡើយ ព្រោះតែ​ទីក្រុងវ៉ាស៉ីនតោន ហាក់ដូចជាគ្មានសមត្ថភាព​ដាក់សម្ពាធលើប្រទេស​​​ណា​ទៀតនោះទេ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៉ី Sputnik នៅល្ងាច​ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Qassemi បាននិយាយ​យ៉ាងដូច្នេះថា «អត់មានរឿងអ្វីត្រូវបារម្ភនោះទេ យើងគួរតែរង់ចាំ​មើលភាពបរាជ័យ​​របស់​អាមេរិក ដែល​នឹងមិនអាចអនុវត្តន៍​វិធានការណាមួយ​ប្រឆាំងនឹងប្រជាជាតិ​អ៉ីរ៉ង់ដ៏អស្ចារ្យ និងអង់អាចបាន​ឡើយ។ និយាយ​រួមទៅ អាមេរិក​​​ ដូចជាលែង​មានសមត្ថភាពទៀតហើយ ក្នុងការគាប​សង្កត់ប្រទេស ក៏ដូចជាស្ថាប័នអន្តរជាតិ​ឲ្យធ្វើតាមអ្វីដែល​ខ្លួនចង់​បាន»

គួរជម្រាបថា នៅដើមសប្តាហ៍​ក្រោយកញ្ចប់ទណ្ឌកម្មធ្ងន់ៗ​ទាំងប៉ុន្មាន ដែលអាមេរិក​បានដកចេញ នៅក្រោមកិច្ចព្រមព្រៀង​​​នុយ​ក្លេ​អែរ​ឆ្នាំ២០១៥ នឹងចូលជាធរមានឡើងវិញ ដោយវានឹងប៉ះពាល់ដល់​វិស័យសំខាន់ៗ​នៃ​ប្រទេសអ៉ីរ៉ង់ រួម​មាន​ទាំង​វិស័យ​នាំ​​ចេញ​ប្រេង​​ជា​ដើម​។ ទោះបីជាមានការប្រកាសដាក់ទណ្ឌកម្ម​ លើការនាំចេញប្រេង​អ៉ីរ៉ង់ក៏ដោយក្តី ​កន្លងមកនេះ ប្រទេសមួយចំនួន​ដូចជាឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន ជាដើម នៅតែប្រកាន់​ជំហររកស៊ីប្រេងជាមួយអ៉ីរ៉ង់​ដដែល ដោយសង្ឃឹម​ថា​​នឹង​អាច​ទទួល​បាន​ការ​លើក​លែង​​ពី​អាមេរិក​៕