(ការ៉ាកាស់)៖ ប្រធានសភា​ធម្មនុញ្ញ (ANC) វេណេស៊ុយអេឡា នាថ្ងៃសុក្រ​សប្តាហ៍នេះ បានថ្កោលទោស​កញ្ចប់ទណ្ឌកម្ម​ថ្មីផ្សេងទៀត ​ដែលសហរដ្ឋអាមេរិកបាន​ដាក់មកលើការនាំចេញ​ដុំមាស របស់​ប្រទេសអាមេរិកឡាទីន​មួយនេះ។ នេះបើតាមការដកស្រង់​​ការ​ផ្សាយ​ចេញ​ពី ​ទីភ្នាក់ងារ​​ព័ត៌​មាន​ចិន ស៉ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រធាន ANC លោក ឌីយ៉ូដាឌូ ខាប៊ែលឡូ (Diosdado Cabello) បាននិយាយថា «ឥរិយាបថ​ក្រអើតក្រទម​​​របស់ពួកចក្រពត្តិនិយម ដែលជឿថា​ទណ្ឌកម្មរបស់​​​ពួកគេ​នឹងអាចគាប​សង្កត់ប្រជាជនវេណេស៊ុយអេឡា​បាននោះ គឺគ្មានអ្វីគួរឲ្យភ្ញាក់​ផ្អើលឡើយ»។ ប្រតិកម្មឆ្លើយតបរបស់រដ្ឋាភិបាល​ទីក្រុងអង់ការ៉ា​​ បានកើត​មានឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម​ថ្មីថែមទៀត​លើ​ការនាំចេញដុំមាស​របស់ ​វេណេស៊ុយអេឡា ខណៈទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) បានប្រកាស​ពី​គោលនយោបាយកាន់តែតឹងរ៉ឹង​ ប្រឆាំងប្រទេស​គុយបា នីការ៉ាហ្គ័រ និង​​វេណេស៊ុយអេឡា។

គួរជម្រាបថា ​បើតាម​លោក Cabello ការនាំចេញដុំមាស​គឺជាប្រភពចំណូល​យ៉ាងសំខាន់ សម្រាប់​វេណេស៊ុយអេឡា ក្នុង​ការ​ទិញ​ថ្នាំ​ពេទ្យ​ និង​ស្បៀង​អាហារ​ នៅចំពោះមុខវិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយលោកបានហៅ​ទង្វើរបស់​អាមេរិកថា ជាការប្រព្រឹត្ត​អំពើប្រល័យ​ពូជសាសន៍​ ប្រឆាំងនឹងវេណេស៊ុយអេឡា​ថែម​ទៀតផង។។ យ៉ាងណាមិញ​លោក Cabello បានបញ្ជាក់ថា រដ្ឋាភិបាល​វេណេស៊ុយ​អេឡា​ ស្វាគមន៍ជានិច្ច​ក្នុងការបើកកិច្ចចរចា​ជាមួយ​​សហរដ្ឋអាមេរិក៕